ចិន៖ក្រុមហ៊ុន Apple Inc បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអ្នកអភិវឌ្ឍន៍ជនជាតិចិនបន្ថែមទៀត ខណៈក្រុមហ៊ុនផលិតទូរស័ព្ទ iPhone កំពុងសម្លឹងមើលការជំរុញសេវាកម្មកម្មវិធីនៅក្នុងទីផ្សារសំខាន់របស់ខ្លួន ចំពេលមានការរំពឹងទីផ្សារល្អប្រសើរសម្រាប់ត្រីមាសទី៤យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
នាយកគ្រប់គ្រងក្រុមហ៊ុន Apple នៅប្រទេសចិនលោកស្រី Isabel Ge Mahe បានប្រាប់សារព័ត៌មាន ឆៃណាឌៀលីថា “ អ្នកអភិវឌ្ឍន៍ជនជាតិចិនមានការរីកចម្រើនគួរឲ្យភ្ញាក់ផ្អើល ហើយពួកគេមានសមត្ថភាពច្នៃប្រឌិតខ្ពស់ និងកម្មវិធីរបស់ពួកគេក៏មានគុណភាពល្អផងដែរ” ។
បច្ចុប្បន្នអ្នកអភិវឌ្ឍន៍ជនជាតិចិនជាង ២,៥ លាននាក់កំពុងដំណើរការនៅលើ App Store របស់ Apple ចំពោះការលក់ជាសកលរួមគ្នារបស់ពួកគេមានលើសពី ២០០ ពាន់លានយន់ (២៨,៣ ពាន់លានដុល្លារ) ដែលក្នុងនោះ ៣០ ភាគរយត្រូវបានទទួលកាលពីឆ្នាំមុន។
ការអត្ថាធិប្បាយរបស់លោកស្រីបានធ្វើឡើងបន្ទាប់ពីពិធីបិទការប្រកួតប្រជែងច្នៃប្រឌិតកម្មវិធីទូរស័ព្ទប្រចាំឆ្នាំដែលក្នុងនោះក្រុមជាង ១.៦០០ មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៤២០ បានចូលរួមបង្កើតកម្មវិធី។ អ្នកដែលឈានដល់វគ្គផ្តាច់ព្រ័ត្របានចូលរួម និងទទួលបានការបណ្តុះបណ្តាលពីកម្មវិធីបង្កើនល្បឿនរបស់ Apple ។
លោកZhang Kejun សាស្រ្តាចារ្យនៅមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យហ្សេជាំងបានមានប្រសាសន៍ថា តាមរយៈការប្រកួតប្រជែងនេះនិស្សិតវ័យក្មេងកាន់តែច្រើនឡើង ៗ កំពុងទទួលបានការចាប់អារម្មណ៍ពីបច្ចេកវិទ្យា។ កម្មវិធីដែលពួកគេបានបង្កើតឡើងមានភាពចាស់ទុំជាងការរំពឹងទុក៕ដោយ៖លី ភីលីព