លោក វ៉ាត់ សាវឿង បានសម្រេចចិត្តជិះកង់ពីសៀមរាបទៅវៀតណាម ដើម្បីបង្កើតជាមូលនិធិមួយប្រមូលលុយ១៥០០០ដុល្លារ ដើម្បីយកទៅធ្វើសាលាបឋមសិក្សាមួយខ្នងឱ្យក្មេងៗនៅជនបទក្នុងខេត្តសៀមរាប។

លោក បង្កើតមូលនិធិនេះឡើង ក្រោយពីបានឃើញពីភាពលំបាករបស់ក្មេងៗក្នុងសាលាបឋមសិក្សាចារ ស្ថិតនៅភូមិចារ ស្រុកវ៉ារិន ខេត្តសៀមរាប ប្រមាណ២០០នាក់។ ក្នុងសាលារបស់ពួកគេ មានអគារមួយហើយដែលធ្វើពីឈើ ប៉ុន្តែដំបូលបច្ចុប្បន្ននេះធ្លុះធ្លាយអស់ ឱ្យតែថ្ងៃណាភ្លៀងមិនបានរៀនឡើយ ហើយដល់ថ្ងៃក្ដៅវិញ ក៏ពិបាករៀនដែរ ព្រោះគ្មានដំបូល។
សាលារៀននេះ នៅប្រមាណជា៧០គីឡូម៉ែត្រពីទីរួមខេត្ត តែត្រូវចំណាយពេល៣ម៉ោងទើបទៅដល់ ព្រោះផ្លូវចូលពិបាកខ្លាំង។ គោលដៅដំបូងរបស់លោក គឺចង់បានសាលា១ខ្នងដើម្បីឱ្យក្មេងៗ២០០នាក់នោះ បានរៀនសូត្រស្រូលនឹងគេ។ លោក បានបង្កើតមូលនិធិនេះឡើង ដោយលោកនឹងជិះកង់១៥០០គីឡូម៉ែត្រ ចាប់ផ្ដើមចេញពីសៀមរាប ឱ្យដល់សៃហ្គន ប្រទេសវៀតណាម ប្រើពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

រំលឹកថានៅឆ្នាំ២០១៤កន្លងទៅ លោក វ៉ាត់ សាវឿង និងមិត្តលោកក៏បានជួយធ្វើអគារមួយខ្នងក្នុងសាលាបឋមមួយផងដែរ ដោយក្នុងនោះបំពាក់ Computer ១គ្រឿងសម្រាប់គ្រូ១២នាក់ និងសិស្សប្រមាណជា៤០០នាក់។ មិនត្រឹមតែប៉ុណ្ណឹងទេ លោកក៏ធ្លាប់ជួយធ្វើសាលារៀននៅតាមសាលានានាជាច្រើនទៀតនៅកម្ពុជាផងដែរ។

ប្រសិនបើបងប្អូនចង់ចូលរួមផ្ដល់ជាប្រាក់ដល់មូលនិធិរបស់លោក ដើម្បីឱ្យក្មេងៗមានសាលារៀនគ្រាន់បើមួយនោះ សូមចូល Donate តាម Link នេះ៖ ជួយក្មេងៗ២០០នាក់ឱ្យបានសាលារៀន១ខ្នង
ប្រភបព៖Sabay
