បរទេស៖ ទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ ទំនងជានឹងជួបប្រទះកង្វះខាតទឹកនៅឆ្នាំក្រោយ ដោយសារកម្រិតនៅក្នុងអាងស្តុកទឹកធំ ៗ ចំនួន ៥ នៅឈុនបូរី បានធ្លាក់ចុះយ៉ាងគំហុក មកត្រឹមប្រមាណជា ៣២% នៃសមត្ថភាពប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា សាខារដ្ឋាករទឹកខេត្ត (PWA) នៅប៉ាតាយ៉ា កំពុងរៀបចំបំពង់ទឹកឆៅពីរោងចក្រផលិតទឹកស្អាត ណងប៉ាឡា ដែលដំណើរការដោយ PWA នៅ ខេត្តរ៉ាក់យ៉ងទៅកាន់ទីក្រុងឆ្នេរសមុទ្រមួយនេះ ដោយទិញទឹកបន្ថែមពីអ្នកផ្គត់ផ្គង់ទឹកឯកជន និងកាត់បន្ថយការផ្គត់ផ្គង់ទឹកម៉ាស៊ីន នៅតាមខ្នងផ្ទះ។ នេះបើតាមអ្នកចាត់ការគឺលោក Suthat Nutpan បាននិយាយកាលពីថ្ងៃពុធ។
នាពេលបច្ចុប្បន្ននេះមានទឹកតិចជាង ១៣ លានម៉ែត្រគូបនៅក្នុងអាងស្តុកទឹកទាំង ៥ បើប្រៀបធៀបនឹង ៣៦,៧ លានម៉ែត្រគូប ដែលមានកាលពីឆ្នាំមុន។

លោក Suthat បាននិយាយថាបញ្ហានេះនឹងនាំឱ្យមានគ្រោះរាំងស្ងួតនៅប៉ាតាយ៉ា ប្រសិនបើមិនមានព្យុះនៅខែក្រោយទេ។ លោកបន្ថែមថាស្ថានភាពនឹងធ្ងន់ធ្ងរជាងកង្វះទឹកនៅក្នុងឆ្នាំ ២០១៥ ទៅទៀត៕ប្រែសម្រួលៈ ណៃ តុលា
