បរទេស៖ ព័ត៌មាននេះកើតឡើងតែមួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុនអវកាសចិន Rainbow UAV Technology បានប្រកាសពីការហោះហើរសាកល្បងដំបូងរបស់យន្ដហោះគ្មានមនុស្សបើក ឬ drone ឈ្មោះ Rainbow ដែលត្រូវបានផលិតនៅរោងចក្រមួយ ក្នុងទីក្រុង Taizhou ខេត្តហ្សេជាំង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមហ៊ុនផលិតយានដែលគ្មានមនុស្សបើកនាំមុខគេនៅលើពិភពលោក DJI បានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងមហាផ្ទៃ សហរដ្ឋអាមេរិក បានបញ្ឈប់ការបង្ហោះយន្តហោះគ្មានមនុស្សបើកដែលជាផលិតផលរបស់ចិននៅក្នុងប្រទេសនេះ លើកលែងតែយន្តហោះគ្មានមនុស្សបើកសម្រាប់ការបន្ទាន់។
ក្រុមហ៊ុនចិនគឺជាក្រុមហ៊ុនផ្តាច់មុខជាសកលនៅក្នុងឧស្សាហកម្មដ្រូន ដែលគ្រប់គ្រងចំណែកទីផ្សារ ៧៤ ភាគរយនៃទីផ្សារពិភពលោកក្នុងឆ្នាំ ២០១៨ ។ កងកំលាំងប៉ូលីសបារាំង ហូឡង់ អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានប្រើប្រាស់យ៉ាងទូលំទូលាយនូវផលិតផលរបស់ DJI សម្រាប់គោលបំណងអង្កេត និងត្រួតពិនិត្យ។

ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានលើកឡើងពីការព្រួយបារម្ភអំពីបញ្ហានេះដោយអះអាងថា ព័ត៌មានរសើបដែលទទួលបានដោយយន្ដហោះគ្មានមនុស្សបើកដែលជាផលិតផលរបស់ចិន អាចត្រូវបានបញ្ជូនទៅឱ្យភាគីទីបី។ នៅខែកក្កដាឆ្នាំ ២០១៩ ក្រសួងមហាផ្ទៃអាមេរិកបានបដិសេធជាសាធារណៈចំពោះការប្រើប្រាស់ដ្រូនរបស់ DJI ដោយបញ្ជាក់ ថា ពួកគេ“ មិនបានបំពេញតាមស្តង់ដារធានាទិន្នន័យគ្រប់គ្រងទំនុកចិត្ត” ប៉ុន្តែក្រោយមកត្រូវប្រើប្រាស់ផលិតផលចិន៕ប្រែសម្រួលៈ ណៃ តុលា
