ប្លែកៗ

អាមេរិក​លេង​ធម៌ក្ដៅ​ដាក់​ TikTok ​ព្រោះ​ខ្លាច​លួច​បញ្ជូន​ទិន្នន័យ​សម្ងាត់​ទៅ​ឲ្យ​ចិន

កម្មវិធី​កម្សាន្ត​ដែល​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ២៦,៥ លាន​នាក់​នៅ​សហរដ្ឋអាមេរិក​ TikTok ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល ​ជុំវិញ​ការ​ព្រួយបារម្ភ​ថា​កម្មវិធី​ដ៏​ធំ​មួយ​នេះ​មាន​លួច​បញ្ជូន​ទិន្នន័យ​សម្ងាត់​ទៅ​កាន់​ប្រទេស​ចិន។


មិន​ខុស​ពី​ការ​ចោទ​ប្រកាន់​ទៅ​លើ​ក្រុមហ៊ុន Huawei ដែល​លោក Donald Trump ​បាន​ដាក់​បម្រាម​ទៅ​លើ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​របស់​ប្រទេស​ចិន​មួយ​នេះ​តាំង​ពី​ខែ​ឧសភា និង​បញ្ឈប់​មិន​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចាប់ដៃ​គូ​សហការ​ទៀត​ផង។

សារព័ត៌មាន Reuters ​បាន​ចុះ​ផ្សាយ​ថា​រដ្ឋាភិបាល​អាមេរិក​កំពុង​បើក​ការ​ស៊ើបអង្កេត​យ៉ាង​សកម្ម​ទៅ​លើ​កម្មវិធី​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉េកាំង TikTok ស្ថិត​ក្រោម​ទ្រនំ​​នៃ​ក្រុមហ៊ុន​មេ ByteDance។

ជាង​នេះ​គណៈកម្មាធិការ CFIUS ក៏​បាន​បើក​ការ​ពិនិត្យ​យ៉ាង​ដិតដល់​ដើម្បី​ឲ្យ​ធានា​បាន​ថា​ជុំវិញ​កិច្ច​ព្រមព្រៀង​ដែល​ ByteDance ​បាន​ចាយ​លុយ​រាប់​លាន​ទិញ​យក Musical.ly របស់​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ គឺ​ពិត​ជា​មាន​សុវត្ថិភាព​និង​ពុំ​ប៉ះពាល់​ដល់​សន្តិសុខជាតិ។​


គួរ​រំឭក​ថា TikTok ជា​កម្មវិធី​ប្រភេទ​ចែកចាយ​វីដេអូ​កម្សាន្ត​ខ្លីៗ​ដែល​មាន​រយៈ​ពេល​ចន្លោះ​ពី ៣ ទៅ ១៥ វិនាទី ដោយ​របាយការណ៍​ពី Sensor Tower នៅ​ខែ​កញ្ញា App នេះ​ជាប់​ឈ្មោះ​ឈរ​លេខ​រៀង​ទី ១ មាន​អ្នក​ទាញ​យក​ច្រើន​បំផុត​នៅ​លើ Google Play Store និង​លេខ ២ នៅ​លើ App Store របស់​អាមេរិក៕

ប្រភព៖Sabay

Most Popular

To Top