មេដឹកនាំជនជាតិភាគតិចនៅប្រទេស ប្រេស៊ីលម្នាក់ ត្រូវបានគេឆ្មក់សម្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្រោយពេលដែលក្រុមកាប់ ឈើវាយប្រហារពួកគេនៅរដ្ឋ Maranhao។

យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា បុរសរងគ្រោះទាំងពីរនាក់ ដែលគេស្គាល់ថាជាអ្នកអភិរក្សព្រៃឈើ ត្រូវបានសម្លាប់នៅពេលដែលពួកគេចេញពីភូមិដើម្បីទៅរកទឹក។ នៅពេលកើតហេតុ មានបុរស ៥នាក់ប្រដាប់ដោយកាំភ្លើង បានមកដល់ភ្លាមៗនិងចាប់ផ្ដើមបាញ់ពួកគេពីក្រោយខ្នង។ យោងតាមរដ្ឋលេខាធិកាសិទ្ធិមនុស្សនៃរដ្ឋ Maranhao ឲ្យដឹងថា លោក Paulo Paulino Guajajara ត្រូវបានបាញ់ចំក ហើយស្លាប់ ចំណែកឯបុរសម្នាក់ទៀត ត្រូវបាញ់ចំខ្នងប៉ុន្តែអាចរត់រួច។

ក្រោយកើតហេតុ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងសន្តិសុខសាធារណៈនៃប្រទេសប្រេស៊ីលលោក Sergio Moro បានហៅឧប្បត្តិហេតុនេះថាជាបទឧក្រិដ្ឋដ៏អាក្រក់បំផុត។ លោក Moro បានសរសេរក្នុង Twitter ថា “យើងនឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីចាប់ខ្លួនអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនេះ និងរកយុត្តិធម៌ឲ្យទាល់តែបាន។”

គួរឲ្យដឹងថា ជនជាតិភាគតិច The Guajarara គឺជាកុលសម្ព័ន្ធដែលរួមគ្នាធ្វើការអភិរក្សព្រៃត្រូពិចអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយពួកគេត្រូវបានក្រុមអ្នកកាប់ឈើ គំរាមកំហែងនិងវាយប្រហារជារឿយៗ៕
ប្រភព៖ news.sabay.com.kh
