ប៉េកាំង៖ សត្វកន្លាតមួយគ្រួសារត្រូវបានគេ ប្រទះឃើញកំពុងលូនក្នុងត្រចៀក ខាងស្តាំរបស់បុរសចិនម្នាក់ បន្ទាប់ពីគាត់ត្អូញត្អែរ ពី“ ការឈឺចាប់យ៉ាងខ្លាំង” មក។ នេះបើយោងតាមសារព័ត៌មាន THE STRITSTIMES កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
សេចក្តីរាយការណ៍បានឱ្យដឹងថា បុរសនោះត្រូវបានគេស្គាល់ឈ្មោះ Lv បានស្វែងរកជំនួយនៅឯមន្ទីរពេទ្យ Sanhe ក្នុងខេត្តក្វាងទុង ប្រទេសចិន កាលពីខែមុន បន្ទាប់ពីសមាជិកគ្រួសាររបស់គាត់ បានរកឃើញសត្វកន្លាតដ៏ធំមួយ នៅក្នុងត្រចៀករបស់គាត់។
ក្រុមគ្រួសារបានឃើញសត្វល្អិតនេះ នៅពេលពួកគេបញ្ចាំងពន្លឺពិល ចូលរន្ធត្រចៀករបស់បុរសអាយុ ២៤ ឆ្នាំ រូបនោះ។
អ្នកឯកទេសខាងត្រចៀក ច្រមុះ និងបំពង់ក លោក Zhong Yijin បាននិយាយថា លោកក៏បានរកឃើញ កូនកន្លាតជាង ១០ ក្បាល នៅខាងក្នុងត្រចៀករបស់បុរស។
លោក Zhong ត្រូវបានស្រង់សម្តីដោយសារព័ត៌មាន Mirror Online ថា «គាត់បាននិយាយថា ត្រចៀករបស់គាត់ឈឺចាប់ខ្លាំងណាស់ ដូចជាមានអ្វីមួយកំពុងចាក់ ឬលូនចូលខាងក្នុង។ វាបណ្តាលឱ្យមានអារម្មណ៍មិនស្រួលទាល់តែសោះ»។
វេជ្ជបណ្ឌិតបានយកកូនសត្វល្អិត រួមទាំងមេធំរបស់សត្វកន្លាតទាំងនោះ ចេញពីត្រចៀករបស់លោក Lv ដោយប្រើដង្កៀប។
សេចក្តីរាយការណ៍បាននិយាយថា សត្វល្អិតដែលញាស់ជាសត្វកន្លាតពូជអាល្លឺម៉ង់ឈ្មោះ Blattella germanica ។
ដោយអនុវត្តតាមនីតិវិធីលោក Lv បានរងរបួសស្រាល ទៅលើរន្ធត្រចៀកខាងស្តាំរបស់គាត់។ ពេទ្យបានបាញ់ថ្នាំនៅថ្ងៃដដែល ហើយបានចេញវេជ្ជបញ្ជាដោយប្រើមួនសម្រាប់ត្រចៀករបស់គាត់។
វេជ្ជបណ្ឌិតបាននិយាយថា ទំលាប់របស់បុរសខាងលើដែលទុកកញ្ចប់អាហារ មិនទាន់អស់ នៅជិតគ្រែ ទើបអាចទាក់ទាញសត្វល្អិតទាំងនោះឱ្យចូលទៅក្នុងត្រចៀកបាន៕ប្រែសម្រួលៈ ណៃ តុលា