ជាការពិតណាស់ដើម្បីអាចផ្ដិតយករូបភាពបានស្អាតល្អគឺទាមទារឲ្យអ្នកចេះរក្សាលំនឹងនៃកាមេរ៉ា ហើយដើម្បីរក្សាលំនឹងបានល្អគឺទាល់តែមានជើងទម្រ។ ដោយឡែកសម្រាប់អ្នកដែលមិនប្រើជើងទម្រ ឬស្ថិតក្នុងស្ថានភាពដែលពិបាកក្នុងការប្រើជើងទម្រ អាចសាកល្បងតាមវិធីងាយៗខាងក្រោម អាចធ្វើឲ្យកាមេរ៉ាមានលំនឹងបាន។
វិធីងាយៗទាំងប្រាំមួយនោះមានដូចតទៅនេះ៖
១. ដាក់កែងដៃទាំងពីរចូលគ្នា ការដាក់កែងដៃទាំងពីរចូលគ្នាជាវិធីមានប្រសិទ្ធភាព ដើម្បីរក្សាលំនឹងកាមេរ៉ា។ អ្នកក៏អាចផ្អឹបកែងដៃជាប់នឹងទ្រូងដើម្បីកាន់តែមានលំនឹង។
២. លើកស្មាខាងឆ្វេងឡើង អ្នកអាចឈររៀងបញ្ឆិតបន្តិច ដោយលើកស្មាខាងឆ្វេងឡើង ដោយដៃខាងឆ្វេងទ្រលេន។ ដើម្បីឲ្យកាន់តែមានលំនឹង អ្នកអាចខ្ទប់កែងដៃខាងស្ដាំទៅនឹងទ្រូង។
៣. ជង្គង់ជាជើងទម្រកាមេរ៉ា ជង្គង់អ្នកអាចប្រើប្រាស់ជាជើងទម្រកាមេរ៉ាបាន បន្ទាប់មកដាក់កែងដៃខាងឆ្វេងនៅលើជង្គង់ ចំណែកឯកែងដៃខាងស្ដាំផ្អឹបជាប់នឹងទ្រូង។
៤. ដាក់កាមេរ៉ានៅនឹងដី ការថតដោយដាក់កាមេរ៉ាជាប់នឹងដីក៏ជាវិធីល្អម្យ៉ាងដែរ គ្រាន់តែមានកម្ពស់ទាបបន្តិច តែអ្នកអាចប្រើប្រាស់ដៃជាកំណល់ឲ្យខ្ពស់បាន។
៥. ប្រើប្រាស់កំភួនដៃ ដាក់កាមេរ៉ាលើដើមដៃខាងឆ្វេង ហើយយកដៃខាងឆ្វេងនោះចាប់ដើមដៃខាងស្ដាំ។
៦. ប្រើប្រាស់ជង្គង់ វិធីចុងក្រោយនេះគឺស្រដៀងគ្នាទៅនឹងវិធីទី៣ដែរ ប៉ុន្តែកំភួនដៃខាងឆ្វេងគឺផ្អឹបជាប់នឹងដើមដៃខាងឆ្វេង។
ប្រភព៖Sabay