ប្លែកៗ

ដំណឹងអាក្រក់ សម្រាប់អ្នកចូលចិត្ត គេងច្រើន

ការគេងបានគ្រប់គ្រាន់ គឺជារឿងសំខាន់ណាស់ សម្រាប់សុខភាព ប៉ុន្តែបើសិនជាគេងច្រើនពេក វាអាចក្លាយទៅជាអាក្រក់ ចំពោះសុខភាពវិញបាន។ ការគេងច្រើនជាង ១០ម៉ោងក្នុងមួយថ្ងៃ អាចផ្តល់ផលវិបាកច្រើន ដល់សុខភាពណាស់។
ខាងក្រោមនេះ បង្ហាញអំពីបញ្ហាមួយចំនួន ដែលអ្នកអាចនឹងប្រឈម បើសិនជាគេងច្រើនពេក លើសពីតម្រូវការ៖

•ជំងឺបេះដូងសរសៃឈាម
ការសិក្សាមួយដែលចុះផ្សាយ ក្នុងសារព័ត៌មាន American Academy of Sleep Medicine បានបញ្ជាក់ថា ការគេងច្រើនពេក ធ្វើឲ្យប្រឈមខ្លាំងនឹងជំងឺរ៉ាំរ៉ៃ ជាពិសេសជំងឺបេះដូង សរសៃឈាមតែម្តង។ តាមការសិក្សានេះដែរ ស្ត្រីដែលគេងប្រហែល ៩ ទៅ១១ម៉ោង គឺប្រឈមនឹងការកើត ជំងឺបេះដូងរហូតដល់ ៣៨ភាគរយឯណោះ។

•ធាត់ជ្រុល
ការគេងច្រើនពេក អាចមានន័យថា ជាការហាត់ប្រាណបានតិច ហើយក៏ធ្វើឲ្យទម្ងន់រាងកាយ កើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃដែរ។ កាលណាអ្នកគេងកាន់តែច្រើន អ្នកពិតជាមិនសូវធ្វើការងាររាងកាយ ដើម្បីរំលាយជាតិខ្លាញ់ ក្នុងខ្លួនឡើយ។

•ឈឺខ្នង
នៅពេលអ្នកគេងច្រើនម៉ោងពេក សម្ពាធក្នុងឆ្អឹងកងខ្នង អាចនឹងកើនឡើយ។ ហេតុដូច្នេះហើយ ក្រោយពីភ្ញាក់ពីគេង រយៈពេលច្រើនម៉ោងមក អ្នកប្រហែលជាមានអារម្មណ៍ថា ឆ្អឹងខ្នងដូចជាគាំងជាមិនខាន។ ក្រៅពីនេះ បើសិនជាអ្នកកំពុងតែ មានអាការៈឈឺខ្នងរ៉ាំរ៉ៃរួចហើយ អាការៈនេះ អាចនឹងកាន់តែធ្ងន់ធ្ងរថែមទៀត។

•ជំងឺទឹកនោមផ្អែម
ការគេងច្រើន ក៏អាចបណ្តាលឲ្យជាតិស្ករ ក្នុងឈាមឡើងខ្ពស់បានដែរ។ ការសិក្សាមួយដែលចុះផ្សាយ ក្នុងសារព័ត៌មាន PLoS One បានបង្ហាញថា អ្នកដែលគេងច្រើនជ្រុលញឹកញាប់ (លើសពី៩ម៉ោង) ប្រឈមខ្ពស់ នឹងជំងឺទឹកនោមផ្អែម ជាងអ្នកដែលគេងគ្រប់គ្រាន់ធម្មតា។

•កើតជំងឺបាក់ទឹកចិត្ត
ការសិក្សាបានបង្ហាញថា ការគេងច្រើនជ្រុលមាន ទំនាក់ទំនងនឹងការបាក់ទឹកចិត្ត។ ដូច្នេះអ្វីដែលគួរធ្វើ គឺកាត់បន្ថយការគេង ដើម្បីឲ្យមានអារម្មណ៍ល្អឡើងវិញ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Most Popular

To Top