ប្លែកៗ

ឥណ្ឌាគ្រោងប្រើបច្ចេកវិទ្យា AI ដើម្បីក្រៀវសត្វស្វា ក្រោយខំមនុស្ស ១.០០០នាក់ រៀងរាល់ថ្ងៃ

បរទេស៖ ការវាយប្រហារដោយថនិកសត្វបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ អាជ្ញាធរឥណ្ឌាគ្រោងនឹងប្រើបច្ចេកវិទ្យាវ័យឆ្លាតសិប្បនិម្មិត ដើម្បីក្រៀវសត្វស្វា ចាប់តាំងពីសត្វនេះបានឈ្លានពានកាន់តែខ្លាំងឡើងនិងវាយប្រហារប្រជាជននៅរដ្ឋធានីញូវដែលី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានបច្ចេកវិទ្យាពត៌មាន Indraprastha នៅទីក្រុងញូវដែលីកំពុងធ្វើការជាមួយក្រុមហ៊ុន Microsoft AI for Earth ដើម្បីកំណត់និងតាមដានចលនាសត្វដែលបានវាយប្រហារមនុស្ស។ ក្រុមអ្នកស្រាវជ្រាវនឹងបញ្ជូនព័ត៌មាននេះទៅមន្រ្តីត្រួតពិនិត្យសត្វក្នុងទីក្រុងដែលនឹងចាប់សត្វស្វាកាចៗ និងក្រៀវពួកវា។

ការវាយប្រហារដោយសត្វស្វាទៅលើប្រជាជននៅញូវដេលីនិងនៅទូទាំងប្រទេសបានឈានដល់សមាមាត្រគួរឱ្យភ័យខ្លាច។ មនុស្សចំនួន ១.០០០នាក់ត្រូវបានសត្វស្វាខាំនៅក្នុងប្រទេសឥណ្ឌាជារៀងរាល់ថ្ងៃ។ សត្វពាហនៈប្រភេទនេះ ក៏លួចចំណីអាហារ វត្ថុមានតម្លៃ ដូចជាលុយ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ។

នៅពេលនេះអាជ្ញាធរប្រើការទទួលស្គាល់មុខដើម្បីកំណ ត់និងកំណត់ទីតាំងសត្វស្វា ទោះយ៉ាងណាការងារនេះ ត្រូវបានធ្វើដោយដៃ ប៉ុន្តែបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានបញ្ចប់ការងាររបស់ខ្លួន ភារកិច្ចនេះនឹងត្រូវអនុវត្តដោយ AI ដែលជាបច្ចេកវិទ្យាវ័យឆ្លាតសិប្បនិមិត្ត។ ឥឡូវនេះក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការជាមួយប្រព័ន្ធទិន្នន័យចំនួន ៤០០០ រូបភាពនៃសត្វស្វា ៩៣ ក្បាល ដោយបណ្តុះបណ្តាល AI អោយស្គាល់មុខរបស់សត្វ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top