ហុងកុង៖ អាជ្ញាធរហុងកុងបាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានដាក់សត្វសុនខ (សត្វឆ្កែ) ដែលមានផ្ទុកមេរោគកូរ៉ូណា ឬ Covid-19 ឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីច្រមុះនិងទឹកមាត់របស់វា បានធ្វើតេស្តឃើញថា មានភាពវីរុសនេះក្នុងកម្រិតស្រាល ទោះបីពួកគេបានបន្ថែមថា ពួកគេមិនទាន់មានភ័ស្តុតាងបង្ហាញថា វាអាចចម្លងទៅសត្វចិញ្ចឹមបានក៏ដោយ ។
យោងតាមសារព័ត៌មាន Straits Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យ៉ាងណាក៏ដោយ សត្វឆ្កែនេះមិនមានរោគសញ្ញាអ្វីទេ។
នាយកដ្ឋានកសិកម្ម ជលផល និងអភិរក្ស (AFCD) បាននិយាយថា ខ្លួននឹងធ្វើតេស្តបន្ថែមទៀតដើម្បីបញ្ជាក់ថា តើសត្វឆ្កែនេះបានឆ្លងវីរុសឬប្រសិនបើគំរូនោះគ្រាន់តែជាលទ្ធផលនៃការចម្លងពីផ្នែកបរិស្ថាន។
នាយកដ្ឋាននេះ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ បច្ចុប្បន្ន AFCD មិនមានភ័ស្តុតាងដែលថា សត្វចិញ្ចឹមអាចឆ្លងជំងឺឬអាចជាប្រភពនៃការឆ្លងដល់មនុស្សឡើយ” ។
សត្វឆ្កែនេះ នឹងត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេលពីរសប្តាហ៍។
គេហទំព័ររបស់អង្គការសុខភាពពិភពលោកនិយាយថា រហូតមកដល់ពេលនេះមិនមានភស្តុតាងណាមួយដែលបង្ហាញថាសត្វចិញ្ចឹមដែលជាដៃគូអាចឆ្លងវីរុសនេះ។
ទីក្រុងហុងកុងបានរាយការណ៍ថា មានករណីឆ្លងជំងឺ Covid-19 ចំនួន ៩៣ ករណី ក្នុងនោះ បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់៕ ប្រែសម្រួលៈ ណៃ តុលា