អាមេរិក៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កំពុងតែលាឈប់ ពីក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Microsoft ដោយលោកសុំធ្វើការផ្ទាល់ខ្លួន សម្រាប់សកម្មភាពមនុស្សធម៌វិញ យោងតាមការចេញផ្សាយពីSkyNews។
លោកBill Gates គឺជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Microsoft រហូតដល់ឆ្នាំ ២០០០ ហើយចាប់តាំងពីពេលនោះមកលោកបានកាត់បន្ថយ ការចូលរួមរបស់លោក នៅក្នុងក្រុមហ៊ុន ដែលលោកបានបង្កើត ជាមួយលោក Paul Allen ក្នុងឆ្នាំ ១៩៧៥ ។
លោកបានដកខ្លួនចេញ ពីតួនាទីពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ២០០៨ និងបានធ្វើជាប្រធានក្រុមប្រឹក្សាភិបាល រហូតដល់ឆ្នាំ ២០១៤ ។
លោក Gates ក៏បោះបង់អាសនៈ របស់លោកនៅលើក្រុមប្រឹក្សា Berkshire Hathaway ដែលជាក្រុមហ៊ុនដឹកនាំដោយមហាសេដ្ឋី Warren Buffett ។
លោក Gatesបានមានប្រាសសន៍ថា លោកមានផែនការលះបង់ ពេលវេលាបន្ថែមទៀត ដល់គ្រឹះរបស់លោកជាមួយភរិយា Melinda ។ លោកនឹងបន្តតួនាទី ជាទីប្រឹក្សាផ្នែកបច្ចេកវិទ្យា ដល់នាយកប្រតិបត្តិ ក្រុមហ៊ុន Microsoft លោក Satya Nadella និងថ្នាក់ដឹកនាំ ក្រុមហ៊ុនដទៃទៀត៕ដោយ៖លី ភីលីព

