នាយកប្រតិបត្តិ Apple លោក Tim Cook បានជាប់ឈ្មោះជាមហាសេដ្ឋី មានទឹកប្រាក់ពាន់លានដុល្លារ ជាផ្លូវការ បើផ្អែកតាមការបូកសរុប របស់ Bloomberg Billionaires Index។ តទៅនេះនឹងបង្ហាញ អំពីប្រភពចំណូល របស់លោក Tim Cook និងរបៀបចាយវាយប្រាក់ ទាំងអស់នោះ ៖
ទ្រព្យសម្បត្តិរបស់លោក Tim Cook គឺបានពីបៀវត្សប្រចាំឆ្នាំ គួបផ្សំនឹងភាគលាភ នៃភាគហ៊ុន រួមជាមួយប្រាក់ ដែលបានពីការលក់ ភាគហ៊ុនផងដែរ។

នៅឆ្នាំ ២០១៩ បៀវត្សគោលរបស់លោក Tim Cook គឺមានចំនួន ៣លានដុល្លារ ខណៈពេលដែលឡើងកាន់តំណែង ជានាយកប្រតិបត្តិ លើកដំបូង នៅឆ្នាំ ២០១១ លោកមានបៀវត្ស ៩០ម៉ឺនដុល្លារ។

លោក Tim Cook បានបើកចំហរថា ខ្លួនជាមនុស្ស ស្រឡាញ់ភេទដូចគ្នា កាលពីឆ្នាំ ២០១៤ ហើយមិនធ្លាប់រៀបការ ឬក៏មានកូននោះទេ។

ត្បិតថាមានទ្រព្យសម្បត្តិ ច្រើនមែន ប៉ុន្តែលោក Tim Cook នៅតែសន្សំសំចៃ ដោយមានការរាយការណ៍ថា លោកបានទិញខោទ្រនាប់ នៅហាង Nordstorm ពេលដែលមានកម្មវិធីបញ្ចុះតម្លៃ ពាក់កណ្ដាលឆ្នាំ។

លោក Tim Cook និយាយថា គ្រប់យ៉ាងដែលលោកធ្វើមិនមែន ដោយសារលុយនោះទេ ពោល លុយ មិនមែនជាកម្លាំងរុញច្រានចិត្ត របស់លោកនោះឡើយ។

លោក Tim Cook ស្នាក់នៅផ្ទះដែលមានតម្លៃ ២,៣លានដុល្លារ មានទំហំ ២២២ម៉ែត្រការ៉េ នៅទីក្រុង Palo Alto ដែលផ្ទះរបស់គេ ត្រូវបានបិទបាំង មិនឲ្យឃើញនោះទេនៅលើ Google Street View។ គួរដឹងថា អ្នកប្រើប្រាស់ Google ទាំងអស់ អាចសុំឲ្យផ្ទះ ឬរថយន្តរបស់ខ្លួន មានការបិទបាំងលើ Street View បាន។

លោក Tim ចំណាយពេលវេលាភាគច្រើន នៅការិយាល័យ ដោយមានការរាយការណ៍ថា លោកក្រោកពីដំណេកម៉ោង ៣៖៤៥នាទីព្រឹក ដើម្បីអានសៀវភៅ និងឆ្លើយតបអ៊ីម៉ែល។

នាយកប្រតិបត្តិរូបនេះ ឧស្សាហ៍ធ្វើដំណើរដែរ ប៉ុន្តែភាគច្រើន សម្រាប់ការងារតែប៉ុណ្ណោះ ដូចកាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន Apple បានចំណាយ ៩៣ ១០៩ដុល្លារ លើការធ្វើដំណើរ តាមយន្តហោះឯកជន របស់លោក Tim Cook។

ប៉ុន្តែពេលចូលដល់ ការធ្វើដំណើរ កម្សាន្តផ្ទាល់ខ្លួន លោកចូលចិត្ត ការធ្វើដំណើរ ក្នុងស្រុកជាង ដូចជាដើរលេងកម្សាន្ត នៅឧទ្យានជាតិ Yosemite National Park នៅ California ជាដើម។

ហើយក្រៅពីការចំណាយ លើថ្លៃសិក្សារបស់ក្មួយប្រុស លោក Tim Cook ចង់បរិច្ចាគទឹកប្រាក់ ទាំងអស់របស់ខ្លួន ដល់អំពើសប្បុរសធម៌ ពេលដែលលោកស្លាប់ទៅ។ នេះបើតាមបទសម្ភាសន៍ របស់លោក ជាមួយទស្សនាវដ្ដី Fortune កាលពីឆ្នាំ ២០១៥៕
ប្រភព៖ សប្បាយ
