មនុស្សភាគច្រើនគិតថា មនុស្សធម្មតាច្បាស់ជាគ្មានវាសនា បានរាជបុត្រមករៀបការជាមួយឡើយ ប៉ុន្តែបើអ្នកបានឃើញស្នេហា របស់សែរាជវង្សទាំង៣ខាងក្រោមនេះ អ្នកនឹងផ្លាស់ប្ដូរការគិត ហើយជឿថា “ស្នេហ៍ពិត” ពិតជាមាននៅលើលោកនេះមែន។ ដើម្បីជម្នះនឹងកត្តាប្រពៃណី និងច្បាប់ទម្លាប់នៅក្នុងវាំង រាជវង្សនៃប្រទេសទាំងបីនេះបានតស៊ូ និងលះបង់ដើម្បីសេចក្ដីស្នេហា ដែលទ្រង់ចង់បានពិតប្រាកដ។
១. ព្រះអង្គម្ចាស់ Harry និងតារាសម្ដែង Meghan៖
ទ្រង់ Harry គឺជារាជទាយាទទី៥ ដែលត្រូវទទួលស្នងរាជសម្បត្តិ របស់រាជវង្ស នៃចក្រភពអង់គ្លេស និងជារាជបុត្រាពៅរបស់ព្រះអង្គម្ចាស់ Charles។ មុននឹងឈានដល់ការរៀបអភិសេក ព្រះអង្គម្ចាស់ Harry ធ្លាប់ទាក់ទងតារាស្រី ច្រើននាក់មកហើយ ប៉ុន្តែចុងក្រោយ អ្នកដែលទ្រង់ដឹកដៃចូលព្រះវិហាររៀបអភិសេកនោះ គឺព្រះនាង Meghan ។
ព្រះរាជបុត្រាពៅរបស់ទ្រង់ Charles គឺជាអភិជន ចំណែក Meghan គ្រាន់តែជាសាមញ្ញជនប៉ុណ្ណោះ និងធ្លាប់ជួបមង្គលការ បែកបាក់ម្ដងរួចទៅហើយ ថែមទាំងមានវ័យច្រើនជាងទ្រង់ទៀតផង។ ប្រការនេះបានធ្វើឱ្យម្ចាស់ក្សត្រី Elizabet II ជំទាស់ជាខ្លាំង។
ប៉ុន្តែក្រោយទាក់ទងគ្នាបាន១៦ខែមក គូស្នេហ៍ទាំងពីរ ក៏ទទួលបានការបើកភ្លើងខៀវ ពីម្ចាស់ក្សត្រី ហើយពិធីរៀបអភិសេក ក៏បានប្រារព្ធធ្វើឡើង យ៉ាងអធិកអធម កាលពីថ្ងៃទី១៩ ឧសភា កន្លងទៅថ្មីៗនេះ ដែលជាហេតុបណ្ដាលឱ្យស្ត្រី លើពិភពលោកជឿជាក់ថាស្នេហាពិត ពិតជាអាចជម្នះអ្វីៗគ្រប់យ៉ាង។
២. រឿងរ៉ាវស្នេហារបស់ស្ដេច នៃរាជាណាចក្រ Bhutan និងមហេសីក្មេងបំផុតក្នុងលោក៖
ព្រះមហាក្សត្រ Jigme Khesar Namgyel Wangchuck ដែលជាម្ចាស់ដែនដី នៃរាជាណាចក្រ Bhutan ស្ថិតក្នុងតំបន់អាស៊ីភាគខាងត្បូង ត្រូវបានប្រទានព្រះនាមថាជា “មហាក្សត្រសង្ហាដាច់គេក្នុងតំបន់ភ្នំហិមាល័យ” បានបង្កើតរឿងរ៉ាវស្នេហាដ៏មហិមា និងធ្វើឱ្យគ្រប់កោតស្ញប់ស្ញែង។
នៅឆ្នាំ២០១១ ស្ដេចអង្គនេះ បានរៀបអភិសេកព្រះមហេសី វ័យ២១ឆ្នាំ ព្រះនាម Jetsun Pema ដែលបានធ្វើឱ្យព្រះនាង ក្លាយជាអគ្គមហេសី វ័យក្មេងជាងគេក្នុងលោក។ រឿងរ៉ាវស្នេហាមួយនេះបានកើតកាលពី១៤ឆ្នាំមុន គឺនៅពេលដែលព្រះរាជា នៅវ័យ១៧ព្រះវស្សា ចំណែកព្រះនាងវ័យទើបតែបាន៧ព្រះវស្សា។
ការពិត Jetsun Pema មិនមែនជាប់សែស្រឡាយ រាជវង្សអ្វីនោះឡើយ។ នាងគឺជាកូនស្រីរបស់ពីឡុតក្នុងជួរកងទ័ពជើងអាកាសរបស់រាជវាំង។ ក្នុងវេលាដើរកំសាន្ត បែបពិកនិកមួយ ព្រះរាជាកាលនោះនៅជាអង្គម្ចាស់នៅឡើយ ហើយមានវ័យទើបតែ១៧ព្រះវស្សា បានចាប់ចិត្តប្រតិព័ទ្ធនឹងនាង Jetsun Pema ដែលមានវ័យក្មេងជាងទ្រង់ ដល់ទៅជាង១០ឆ្នាំ។ អ្នកទាំងពីរបានលេងបាល់បោះជាមួយគ្នា និងបានគូរគំនូរពីធម្មជាតិជាមួយគ្នាក្នុងថ្ងៃនោះ។
ក្រោយលេងជាមួយគ្នា បានប៉ុន្មានម៉ោងប៉ុណ្ណោះ Jetsun ក៏បានចាប់ដៃទ្រង់ Jigme ហើយនិយាយថា “ខ្ញុំចង់រៀបការជាមួយព្រះអង្គ” ពេលនោះព្រះអង្គភ្ញាក់ផ្អើលជាខ្លាំង ហើយក៏សួរបញ្ជាក់ថា នាងនិយាយថាម៉េច? នាងក៏បាននិយាយម្ដងទៀតថា “ខ្ញុំម្ចាស់ចូលចិត្តទ្រង់”។ ពាក្យសម្ដីនិងទង្វើទាំងនេះបានធ្វើឱ្យព្រះអង្គញញឹម និងគិតនៅក្នុងចិត្តថា “បើថ្ងៃក្រោយពេលពួកយើង ធំធាត់ឡើងរៀងខ្លួន ហើយយើងនៅមិនទាន់គូទេនោះ យើងនឹងយកនាងធ្វើជាព្រះមហេសី” ។
កាលនោះ នៅតូចពេក មិនយល់ន័យសេចក្ដី នៃពាក្យថាស្នេហា ទាល់តែចូលដល់វ័យ ១០ឆ្នាំ Jetsun ទើបតែយល់ថា ខ្លួនមិនគួរទៅសារភាពការស្រលាញ់ ចំពោះព្រះអង្គម្ចាស់បែបនេះឡើយ។ នាងចេះតែខ្មាសអៀន និងអន់ចិត្ត រាល់ពេលឮអ្នកនៅជុំវិញខ្លួន នាងនិយាយថា អ្នកដែលមានសំណាងបានរៀបការជាមួយព្រះអង្គម្ចាស់ ទាល់តែមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់។ នាងគិតថា ជាតិនេះនាងនឹងគ្មានភ័ព្វសំណាងឡើយ។
ទោះជាយ៉ាងណា នាងនៅតែខំថែរក្សាខ្លួនបានយ៉ាងល្អ ពេលរៀននៅបរទេស។ Jetsun គឺជាសិស្សដ៏ឆ្នើមស្ទើរគ្រប់មុខវិជ្ជា ចំណែកព្រះអង្គម្ចាស់ Jigme Khesar ក៏ពោរពេញដោយបញ្ញាឆ្លៀវឆ្លាត និងមានសមត្ថភាពផងដែរ។ ក្រោយមក នៅពេលព្រះអង្គម្ចាស់ Jigme Khesar បានឡើងគ្រងរាជ្យនៅព្រះជន្ម៣១ព្រះវស្សារួចមក ព្រះអង្គនៅតែរក្សាសន្យាកាលពីតូច ហើយបានតែងតាំង រៀបអភិសេក Jetsun មកធ្វើជាមហេសី ក្នុងវ័យ២១ឆ្នាំ។ រាជពិធីធ្វើឡើងក្នុងលក្ខណៈសាមញ្ញតាមប្រពៃណី ហើយបច្ចុប្បន្នទ្រង់ទាំងពីរទទួលបានបុត្រា គួរឱ្យស្រលាញ់មួយអង្គអាយុ២ឆ្នាំ ដែលប្រសូតកាលពីឆ្នាំ២០១៦។
៣. រាជវង្សនៃប្រទេសជប៉ុន សុខចិត្តបោះបង់រាជសម្បត្តិ ទៅរៀបការនឹងសាមញ្ញជន៖
កាលពីរដូវក្ដៅមួយក្នុងឆ្នាំ ១៩៥៧ អំឡុងពេលនៃការប្រកួត Tennis ព្រះអង្គម្ចាស់ដែលទើបស្នងរាជ្យ Akihito បានជួបនារីម្នាក់ ដែលជាអ្នកជំនួញដ៏ស្ដុកស្ដម្ភ ឈ្មោះថា Michiko Shoda ហើយក៏បានបាក់ចិត្តស្រលាញ់គ្នារហូតមក។
តាមទំនៀមរបស់រាជវាំងជប៉ុន កូនកំលោះ ឬកូនក្រមុំ ត្រូវតែជាសែរាជវង្សដូចគ្នា ឬត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារបស់រាជវង្ស ទើបអ្នកទាំងពីរអាចរៀបការបាន។ ប៉ុន្តែព្រះអង្គ Akihito បែរជាមានស្នេហាជាមួយមនុស្សធម្មតា ទោះបីនាងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក៏ដោយ តែនាងមិនមានជាប់សែស្រឡាយស្ដេចឡើយ។ ប្រការនេះត្រូវបានជំទាស់ដាច់អហង្ការ ពីរាជវង្សទាំងឡាយ ជាពិសេសមាតារបស់ទ្រង់ គឺម្ចាស់ក្សត្រី Kojun រហូតមានការគំរាមសម្លាប់ទៀតផង។ ប៉ុន្តែអ្នកទាំងពីរនៅតែខំជម្នះតស៊ូ និងប្រកាន់គោលជំហរស្នេហាស្មោះស្ម័គ្រ រហូតទទួលបាន ការសណ្ដោសពីម្ចាស់ក្សត្រីបានរៀបអភិសេកជាមួយគ្នា។
ក្រោយមកទៀត រឿងរ៉ាវស្នេហា របស់ព្រះអង្គម្ចាស់ Naruhito ដែលជារាជបុត្រច្បង របស់ព្រះចៅអធិរាជ Akihito ក៏មានរឿងស្រដៀងគ្នានេះដែរ។ ទ្រង់បានទទូចសុំរៀបអភិសេក នឹងនារីសាមញ្ញម្នាក់ឈ្មោះ Masako ដែលជាកូនស្រី របស់អតីតប្រធានាធិបតី នៃតុលាការយុត្តិធម៌អន្តរជាតិ ហើយនាងក៏ជាអ្នកការទូតមួយរូបដ៏ល្បីឈ្មោះ តែមិនមានជាប់សែស្រឡាយ ជារាជវង្សឡើយ។
Masako បានបដិសេធសំណើរៀបការ របស់រាជបុត្រច្បងរបស់ ព្រះចៅ Akihito ដល់ទៅ២ដង ទម្រាំដាច់ចិត្តយល់ព្រមនៅលើកទី៣ ដោយសារតែយល់ថា ការរៀបការក្លាយជារាជទាយាទ នឹងត្រូវបិទសិទ្ធិសេរីភាពរបស់នាង មិនអាចបំពេញក្ដីស្រមៃបាន ដូចជាមនុស្សសាមញ្ញ។ ប៉ុន្តែចុងក្រោយអ្នកទាំងពីរក៏បានរៀបការ ហើយមហាជន ក៏កោតសរសើរពីស្នេហាមួយនេះ។
ចំណេរក្រោយមកទៀត ព្រះនាង២អង្គ ដែលមួយជាចៅស្រីច្បង របស់ព្រះចៅ Akihito ព្រះនាម Mako និងមួយរូបទៀត ជាបងប្អូនជីដូនមួយ របស់ព្រះនាង Mako ព្រះនាម Ayako បានសម្រេចចិត្តបន្តបន្ទាប់គ្នា ថានឹងរៀបការ ជាមួយបុរសសាមញ្ញ ដែលទ្រង់បានដាក់ចិត្តស្រលាញ់ ហើយសុខចិត្ត បោះបង់រាជសម្បត្តិទៅធ្វើជាមួយមនុស្សធម្មតាវិញ។
តាមច្បាប់រាជវាំង របស់ប្រទេសជប៉ុន ព្រះនាងដែលព្រមទៅស្រលាញ់ជនសាមញ្ញ នឹងត្រូវបាត់បង់ងារជារាជវង្ស និងរាជសម្បត្តិ ហេតុនេះទើបរាល់ព្រះនាង ដែលសម្រេចចិត្តរៀបការ ខុសពីការកំណត់របស់រាជវង្សនឹងត្រូវក្លាយជាជនសាមញ្ញដែរ៕ ប្រែសម្រួល៖ សុគន្ធី
ប្រភព៖ sabay