ក្រុមវិស្វករបានបង្កើតដៃរ៉ូបូត ដើម្បីធ្វើតេស្តត្បារសំណាកពីរន្ធច្រមុះ ដោយស្វយ័ត ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូរ៉ូណា ពីអ្នកជំងឺទៅវេជ្ជបណ្ឌិត។
រចនាឡើងដោយក្រុមហ៊ុនតៃវ៉ាន់ Brain Navi បច្ចេកវិជ្ជានេះ ប្រើមុខងារស្រដៀងគ្នា នៃប្រព័ន្ធរុករកក្នុងការវះកាត់ខួរក្បាល ស្វ័យប្រវត្តិរបស់ក្រុមហ៊ុន រួមជាមួយការសម្គាល់ផ្ទៃមុខ និងការថតជារូបភាព 3D។
អ្នកជំងឺដាក់ដង្កៀបតូចមួយ នៅលើច្រមុះរបស់ពួកគេ ដើម្បីឱ្យម៉ាស៊ីនអាចកំណត់ ទីតាំងជាក់លាក់ និងដាក់ក្បាលរបស់ពួកគេ ផ្អឹបទៅនឹងដង្កៀបដែកធំមួយ ដើម្បីឱ្យមុខរបស់ពួកគេ បែរត្រង់ក្នុងអំឡុងពេល ធ្វើតេស្តត្បារសំណាកតាមរន្ធច្រមុះ។
រ៉ូបូតនោះបញ្ចូល ដងសំឡីវែងមួយចូលច្រមុះ ដើម្បីប្រមូលសំណាក ដែលបន្ទាប់មក ដាក់ចូលកូនដបតូចមួយ។

ក្រុមហ៊ុនអះអាងថា ម៉ាស៊ីនបានបញ្ចប់ការធ្វើតេស្ត ក្នុងរយៈពេល ៥ នាទី បើប្រៀបធៀបទៅនឹង ១៥ នាទីនៅពេលធ្វើដោយមនុស្ស។
លោកជើរី ចិន ស្ថាបនិករ៉ូបូតនេះ គឺជាមនុស្សដំបូងគេ ដែលធ្វើតេស្តដោយរ៉ូបូតនេះ ដែលរុកសំឡីចុះឡើងៗ ដល់បំពង់កដើម្បីប្រមូលសំណាក។
លោកចិនបានប្រាប់វេបសាយ The Verge ថា គាត់ក៏ខ្លាចដែរ ក្នុងនាមជាអ្នកដំបូងគេ ដែលឱ្យមនុស្សយន្តបែបនេះ ធ្វើតេស្តលូកសំឡីចូលរន្ធចម្រុះ៕
ប្រភព ៖ rasmeinews.com
