រ៉ូម៖ចេតិយដ៏ធំមួយដែលបានសាងសង់ឡើងកាលពី២០០០ ឆ្នាំមុនសម្រាប់ព្រះចៅអធិរាជទីមួយរបស់ចក្រភពចក្រភពរ៉ូម Augustus ហើយនឹងបើកជាសាធារណៈនៅខែមីនា ១៤ឆ្នាំបន្ទាប់ពីបញ្ចប់គម្រោងស្ដារឡើងវិញអស់ទឹកប្រាក់ ១២,២៥ លានដុល្លារនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
នៅខាងលើមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃទីក្រុងរ៉ូម ផ្នូរបុរាណនេះធ្លាប់ត្រូវបានគេប្រើជាប៉មឈរយាមរបស់យោធា និងរៀបចំពិធីជប់លៀងដ៏ខ្ជះខ្ជាយនៃរាជវង្សរ៉ូម៉ាំង។ រចនាសម្ព័ននេះក៏ត្រូវបានផ្លាស់ប្តូរទៅជាសួនកម្សាន្តមួយ ហើយបន្ទាប់មកជាសាលប្រជុំសម្រាប់ការបង្ហាញកាំភ្លើង និងកាំជ្រួច។
នៅដើមសតវត្សចុងក្រោយវាបានក្លាយទៅជារោងល្ខោនដ៏ធំមួយសម្រាប់ការប្រគុំតន្រ្តី និងល្ខោនអូប៉េរ៉ាមុនពេលមេដឹកនាំផ្តាច់ការ Benito Mussolini បានបញ្ជាឲ្យរុះរើវានៅពេលលោកស្វែងរកការស្តារឡើងវិញនូវប្រវត្តិសាស្ត្រនៃទីក្រុងរ៉ូមបុរាណ។ កន្លែងនោះបានធ្លាក់ទៅក្នុងភាពទ្រុឌទ្រោមជាច្រើនឆ្នាំ ដើមឈើបានដុះចេញពីជញ្ជាំង និងសំរាមពេញផ្លូវហើយទីបំផុតត្រូវបានបិទអស់រយៈពេល ១៤ ឆ្នាំមកហើយនៅពេលដែលវាមិនមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។
មន្ត្រីសាលាក្រុងបានធ្វើការនៅការដ្ឋាននោះអស់រយៈពេលប្រមាណ ៣ ឆ្នាំមកហើយដោយបានឈូសឆាយស្មៅដែលដុះពេញទីលាន ហើយការធានាឲ្យមានរចនាសម្ព័ន្ធមានសុវត្ថិភាពទាំងអស់ត្រូវចំណាយអស់ទឹកប្រាក់ ១២,២៥ លានដុល្លារដើម្បីបញ្ចប់។
អភិបាលក្រុងរ៉ូមលោក Virginia Raggi បានប្រាប់អ្នកយកព័ត៌មានថា នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ ហើយទីតាំងនេះនឹងបើកសម្រាប់ភ្ញៀវទេសចរនៅថ្ងៃទី ១ ខែមីនា ដោយចូលទស្សនាមិនគិតថ្លៃរហូតដល់ថ្ងៃទី ២១ ខែមេសាជាថ្ងៃដែលទីក្រុងនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ៧៥៣ មុនគ.ស។
លោក Raggi បានបន្តថា ដើម្បីបើកវិមានមួយឡើងវិញនេះគឺជាសញ្ញានៃក្តីសង្ឃឹមនៅពេលយើងសំឡឹងមើលដោយក្តីស្មោះត្រង់ឆ្ពោះទៅរកអនាគតទោះបីភាពមិនប្រាកដប្រជានៃជំងឺរាតត្បាតរាលដាលក៏ដោយ ៕ដោយ៖លី ភីលីព