នៅសហរដ្ឋអាមេរិកអាចជ្រើសរើស លេងផ្លាកលេខរថយន្តប្លែកៗ ហើយក្នុងនោះមានម្ចាស់រថយន្ត Ford Mustang ម្នាក់ក្នុងរដ្ឋ Ohio ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងព្រោះតែការកុម្ម៉ង់យកផ្លាកលេខ “COV1D19” ដែលជាឈ្មោះផ្លូវការនៃវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតពេញពិភពលោក។

ម្ចាស់រថយន្តដែលមានឈ្មោះថា Brandoc C. បាននិយាយថា រូបគាត់ចង់បានផ្លាកលេខប្លែកសម្រាប់បំពាក់រថយន្តរបស់ខ្លួន តាំងពីពេលទិញរថយន្ត Ford Mustang ស៊េរីឆ្នាំ ១៩៨៦ បានតាំងពី ២ ឆ្នាំមុន។

អំឡុងពេលហូបគ្រឿងស្រវឹង នៅបារមួយកន្លែង Brandon និងមិត្តភ័ក្ដិ បានពិភាក្សាគ្នាអំពីវីរុសកូរ៉ូណា ហើយពេលនោះគំនិតនៃការប្រើឈ្មោះ COVID-19 ធ្វើជាផ្លាកលេខរថយន្តបានលេចចេញឡើង។ បន្ទាប់មករូបគេក៏បានទៅឆែកមើលថាផ្លាកលេខ “COV1D19” មានម្ចាស់ឬនៅ ដែលចុងក្រោយឃើញថាមិនទាន់មាន ទើបលោកកុម្ម៉ង់ធ្វើភ្លាមៗ និងបានហៅរថយន្តរបស់ខ្លួនថា “The Virus” ទៀតផង៕
ប្រភព៖ Sabay
