ប្លែកៗ

អ្នកម្ដាយមួយរូប សម្រាលកូនម្តង ១០នាក់ បំបែកកំណត់ត្រា ពិភពលោក Guinness

ស្ត្រីអាយុ ៣៧ ឆ្នាំម្នាក់នៅអាហ្វ្រិកខាងត្បូង​ បានបំបែកឯតទគ្គកម្មពិភពលោក ហ្គីនណេស (Guinnesss Word Record) ដោយបានផ្តល់កំណើត ដល់ទារកចំនួន ១០ នាក់។ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ Adolu Agency។

ស្រ្តីដែលជាមាតានៃទារក ១០នាក់ មានឈ្មោះ Gosiame Thamara Sithole ជាអ្នកស្រុករស់នៅតំបន់ Tembisa East ក្នុងទីក្រុង Johannesburg បានសម្រាលកូន ១០នាក់ ដែលក្នុងនោះមាន ប្រុស ៧ នាក់និងស្រី ៣ នាក់។ ការសម្រាលកូនម្តង ១០នាក់នេះ ធ្វើឡើងដោយការវះកាត់ នៅមន្ទីរពេទ្យមួយក្នុង Pretoria ។

លោក Teboho Tsotetsi ដែលជាស្វាមីរបស់ស្រ្តីខាងលើ បាននិយាយថាប្រពន្ធរបស់គាត់ ក៏មានកូនភ្លោះអាយុ ៦ ឆ្នាំផងដែរ។ លោកថាលោកសប្បាយចិត្ត និងរំជួលចិត្តចំពោះព័ត៌មាននេះ។ របាយការណ៍មុនរបស់មន្ទីរពេទ្យ បានបង្ហាញថាស្រ្តីខាងលើ រំពឹងថា នឹងមានកូនចំនួន ៨ នាក់ ដោយសម្អាងថា នៅពេលស្កេនគឺឃើញតែ ៨នាក់ប៉ុណ្ណោះ ខណៈ ២នាក់ផ្សេងទៀត ស្កេនមិនឃើញឡើយ។

បន្ទាប់ពីសម្រាលហើយ ស្រ្តីវ័យ ៣៧ឆ្នាំបាននិយាយថា “ ខ្ញុំមានការតក់ស្លុត ចំពោះការមានផ្ទៃពោះរបស់ខ្ញុំ។ វាលំបាកណាស់ នៅពេលចាប់ផ្តើម ហើយ ខ្ញុំ​ឈឺពិបាកទ្រាំខ្លាំងណាស់។ ខ្ញុំមិនមានអារម្មណ៍ឈឺចាប់ទៀតទេ នៅពេលនេះ។ ខ្ញុំគ្រាន់តែបន់ស្រន់ អោយព្រះជាម្ចាស់ជួយខ្ញុំ ក្នុងការផ្តល់ឱ្យកូនរបស់ខ្ញុំទាំងអស់ មានសុខភាពល្អហើយឱ្យខ្ញុំនិងកូន ៗ មានជីវិតស្រស់ថ្លា។ ខ្ញុំនឹងរីករាយចំពោះរឿងនេះ” ៕ ប្រភព៖ សប្បាយ

Most Popular

To Top