ការបើកបររថយន្ត តែងមានជួបប្រទះជាហេតុការណ៍ផ្សេងៗ ក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ជាការព្រួយបារម្ភដល់អ្នកបើកបរគ្រប់រូប ព្រោះវាអាចធ្វើឲ្យប៉ះពាល់អាយុជីវិតបាន។ ក្នុងចំណោមគ្រោះថ្នាក់ទាំងនោះ មានខ្លះមិនមែនសុទ្ធតែបង្កពីអំពើរបស់អ្នកបើកបរទាំងស្រុងទេ ដោយវាអាចមកពីកត្តានានា ដូចជាយានយន្ត និងគ្រោះធម្មជាតិជាដើម។

បើសិនជាមានភ្លៀងធ្លាក់ខ្លាំង ហូរកាត់ផ្លូវអាចធ្វើឲ្យផ្លូវដាច់បាន ហើយនាំឲ្យអ្នកបើកបរកាត់អាចត្រូវធ្លាក់ចូលទៅក្នុងទឹកទន្លេ ឬប្រឡាយតាមចរន្តទឹកនោះ។ បើសិនជារថយន្តអ្នកធ្លាក់ចូលក្នុងទឹក ខាងក្រោមនេះ ជារឿងដែលអ្នកគួរធ្វើ នឹងរឿងដែលអ្នកមិនគួរធ្វើដើម្បីសង្គ្រោះជីវិតរបស់អ្នក រួមទាំងអ្នកដំណើរ៖
រឿងដែលគួរធ្វើ៖
- ត្រូវតាំងអារម្មណ៍ឲ្យល្អ កុំស្លន់ស្លោរ
- បើកភ្លើងចង្កៀងឲ្យអស់ដើម្បីឲ្យអ្នកដទៃអាចឃើញ និងហៅភ្នាក់ងារសង្គ្រោះ
- ដោះខ្សែក្រវាត់សុវត្ថិភាពចេញ
- បើកសោរថយន្តឲ្យហើយ
- ដោះខោអាវក្រៅដែលជក់ទឹកចេញឲ្យហើយ
- ទម្លាក់កញ្ចក់បង្អួច មុនពេលដែលវាលេចចូលបាត់ទៅក្នុងទឹក
- បើកញ្ចក់ទម្លាក់មិនបានអ្នកត្រូវបើកទ្វារ។ ប៉ុន្តែ ត្រូវចាំថាទាល់តែទឹកចូលពេញរថយន្ត ទើបសម្ពាធខាងក្នុងនិងក្រៅវាស្មើគ្នា និងអាចបើកទ្វារបាន។
- បើទូរសព្ទនៅដំណើរការ គួរតេរកជំនួយឲ្យបានលឿន

រឿងដែលមិនគួរធ្វើ៖
- កុំភ័យស្លន់ស្លោ
- កុំប្រើកម្លាំងដើម្បីបើកទ្វារពេលលិចចូលទៅក្នុងទឹក ព្រោះសម្ពាធពីខាងក្រៅនឹងរុញច្រានមិនឲ្យបើកទ្វារឡានបានឡើយ។
- កុំអង្គុយស្ងៀមលើកៅអី ត្រូវត្រៀមចេញតាមកញ្ចក់ ឬក៏ទ្វារឲ្យហើយ
- កុំព្យាយាមវាយបំបែកកញ្ចក់ពេលឡានលិចចូលក្រោមទឹកហើយ ព្រោះបើសម្ពាធនៅខាងក្រៅខ្លាំងពេលយើងវាបំបែកកញ្ចក់វាអាចឲ្យកម្លាំងទឹកបុកមកខ្ទេចកញ្ចក់ ខ្ទាតបំណែកស្រួចត្រូវមនុស្សក្នុងរថយន្ត។
- ពេលចេញពីឡានបានហើយមិនត្រូវនៅជិតវាទៀតទេ

បើសិនជាឡានរបស់អ្នកលិចក្នុងទឹករាក់អាចឲ្យអ្នកជាន់លើដំបូលបាន អ្នកត្រូវប្រញាប់ចេញពីរថយន្តភ្លាម ព្រោះឡានអាចរអិលធ្វើឲ្យអ្នកដួលមានរបួសបាន។ ម៉្យាងទៀត កម្ពស់ទឹកអាចឡើងចុះលឿនខុសពីការស្មាន ពិសេសនារដូវវស្សានេះតែម្ដង អាចបង្កឲ្យមានគ្រោះថ្នាក់បាន ៕ប្រភព៖http://sabay

