បរទេស៖ រដ្ឋាភិបាលបារាំង បានចាប់ផ្តើមយុទ្ធនាការជាតិក្នុងទំហំទឹកប្រាក់ ១៤លានអឺរ៉ូ ដើម្បីដោះស្រាយអំពើពេស្យាចារ មិនគ្រប់អាយុ និងការគ្រប់គ្រងទៅអំពើពេស្យាកម្ម។ យុទ្ធនាការនេះកើតឡើងប៉ុន្មានខែ បន្ទាប់ពីរបាយការណ៍មួយ បានរកឃើញថា មានក្មេងជំទង់ជាង ១០ ០០០នាក់ ដែលភាគច្រើនជាក្មេងស្រីជំទង់ បានជាប់ពាក់ព័ន្ធ ក្នុងការជួញដូរផ្លូវភេទ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា យុទ្ធនាការដែលបានចាប់ផ្តើម ដោយក្រសួងដើម្បីសាមគ្គីភាព និងសុខភាព កាលពីថ្ងៃចន្ទ ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ឱ្យដំណើរការ ពេញលេញនៅឆ្នាំ ២០២២។ ក្រសួងបានពណ៌នាបញ្ហានេះថា ជា “បាតុភូតកើនឡើង ដែលសង្គមមិនអាចព្រងើយកន្តើយ” និងអំពី “ការដឹងតិចតួចពេក” ។
កម្មវិធីរបស់រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹង “បង្កើនការយល់ដឹង” ខណៈពេលដែលជួយ “ជូនដំណឹង និងផ្តល់នូវការយល់ដឹង កាន់តែប្រសើរឡើងអំពីអ្វីដែលបានកើតឡើង” ។ វាក៏មានគោលបំណងជួយ “កំណត់អត្តសញ្ញាណយុវជនដែលពាក់ព័ន្ធ” និង កាត់ទោសអតិថិជន មករកសេវាសិច និងគ្រប់គ្រងសេវាផ្លូវភេទនេះឱ្យកាន់តែមានប្រសិទ្ធភាព”។
យោងតាម RFI អត្រាប្រេវ៉ាឡង់នៃពេស្យាចារ មិនទាន់គ្រប់អាយុបានកើនឡើងរហូតដល់ 70% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដោយប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានគេជឿថា កំពុងបំពេញបន្ថែមបញ្ហានេះ។ ការផ្សាយជាសាធារណៈ បានកត់សម្គាល់ថា ស្ថានភាពកាន់តែអាក្រក់ទៅៗអំឡុងពេលជំងឺរាតត្បាត Covid-19 នៅពេលដែលយុវជន ចំណាយពេលច្រើនលើអ៊ីនធឺណិត។
កាលពីខែកក្កដា ក្រុមការងារមួយបានផលិត របាយការណ៍រិះគន់មួយ ដែលបានរកឃើញថា យុវជនចន្លោះពី ៧ ០០០នាក់ ទៅ ១០ ០០០ នាក់ បានជាប់ពាក់ព័ន្ធនឹងអំពើពេស្យាចារ នៅទូទាំងប្រទេស។ ភាគច្រើនជាក្មេងស្រីវ័យក្មេង ដែលមានអាយុចន្លោះពី ១៥ ទៅ ១៧ ឆ្នាំ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ក្រសួងបានកត់សម្គាល់ថា “ចំណុចចូល” នៃអំពើពេស្យាចារ គឺកាន់តែក្មេងជាងវ័យប្រហែល ១៤-១៥ ឆ្នាំ៕ ប្រែសម្រួលៈ ណៃ តុលា
