ក្រុមហ៊ុន Suzuki បានបញ្ចេញរថយន្តតូចថ្មីរបស់ខ្លួនគឺម៉ូដែល Alto ឆ្នាំ២០២២ ជាផ្លូវការ ដែលជារថយន្តប្រើមាស៊ីនតូច សន្សំសំចៃ ពិសេសតម្លៃធូរថ្លៃ។
រថយន្ត Suzuki Alto ស៊េរីថ្មីនេះ បានរក្សារូបរាងដូចស៊េរីមុនដែរ ប៉ុន្តែមកជាមួយចង្កៀង LED ដែលមានការឌីហ្សាញថ្មី រួមជាមួយចំណុចដាក់ផ្លាកលេខនៅកាងមុខ ត្រូវបានរំកិលមកផ្នែកស្តាំឡាន ឯតួខ្លួនរចនាឡើងដូចជាប្រអប់ ដើម្បីឱ្យផ្នែកខាងក្នុងកាន់តែធំទូលាយ។
រថយន្តនេះ ប្រើម៉ាស៊ីនស៊ីឡាំង៣ ចំណុះ ៦៦០សេសេ ដែលផលិតបានកម្លាំង ៤៦សេះ និងកម្លាំងរមួល ៥៥ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខ CVT។ ការប្រើប្រាស់សាំង គឺចាក់១លីត្រ ជិះបាន ២៥,២គីឡូម៉ែត្រ។ វាក៏មានជម្រើសប្រើម៉ាស៊ីន Mild Hybrid ដែរ ដោយបំពាក់ម៉ូទ័រអគ្គិសនី១ បង្កើតបានកម្លាំង ៤៩សេះ និងកម្លាំងរមួល ៥៨ញ៉ូតុនម៉ែត្រ។ ការប្រើប្រាស់សាំងកាន់តែសន្សំសំចៃ ដោយ ១លីត្រ ជិះបាន ២៧,៧គីឡូម៉ែត្រ ឬ១០០គីឡូម៉ែត្រស៊ីសាំង ៣,៦លីត្រ។ADVERTISING
Suzuki Alto ឆ្នាំ២០២២ បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពរួមមានដូចជា ប្រព័ន្ធឱ្យសញ្ញាមុនពេលមានការបុកពីខាងមុខ, ប្រព័ន្ធហ្វ្រាំងបន្ទាន់ពេលរ៉ឺយែរ, ប្រព័ន្ធព្រមានពេលរថយន្តចេញពីគន្លង, ប្រព័ន្ធព្រមានសម្រាប់រថយន្តនៅខាងមុខ និងភ្លើងបំភ្លឺចម្ងាយអូតូជាដើម។
ផ្នែកខាងក្នុងរថយន្តវិញ គឺមានប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៧អ៊ីញ, ប្រព័ន្ធសំឡេង speaker ២គ្រាប់ ជាមួយនឹងកាមេរ៉ាមើលទិដ្ឋភាពជុំវិញរថយន្ត, កម្តៅកៅអីពូកខាងមុខ ហើយកៅអីខាងក្រោយអាចបត់បាន និងប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ។
ក្រុមហ៊ុន Suzuki បានដាក់លក់រថយន្តនេះ នៅប្រទេសជប៉ុន ក្នុងតម្លៃចាប់ពី៨ពាន់ដុល្លារឡើងទៅ៕
ប្រភព៖ sabay