Subaru ត្រូវបានគេស្គាល់ច្រើនពីម៉ាស៊ីនប្រភេទ Boxer របស់ខ្លួន ដែលផ្តល់កម្លាំងខ្លាំង និងស៊ីប្រេងតិច។
បើនិយាយពីរថយន្តអគ្គិសនីវិញ ក្រុមហ៊ុនជប៉ុនមួយនេះហាក់ដូចជានៅក្មេងខ្ចីនៅឡើយ តែទោះជាយ៉ាងនេះក្តី ក្រុមហ៊ុននៅតែបញ្ចេញរថយន្តអគ្គិសនីជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែងកាលពីយប់មិញនេះ Subaru បានបញ្ចេញនូវគំរូរថយន្តស្ព័រដំបូង ដែលរត់ដោយកម្លាំងអគ្គិសនីសុទ្ធតែម្តង នៅក្នុងពិព័រណ៌ Tokyo Auto Salon។ រថយន្តនេះមានឈ្មោះថា STI E-RA ដោយក្រុមហ៊ុនបានអះអាងថា វាមានកម្លាំងសរុបដល់ទៅ ១០៧៣សេះ ចេញពីម៉ូទ័រទាំង៤គ្រាប់ ផលិតដោយក្រុមហ៊ុន YAMAHA។ ម៉ូទ័រទាំង៤នេះផងដែរ នឹងទៅបញ្ជាកង់ទាំង៤ ឲ្យវិលទៅតាមកម្លាំងដែលត្រូវការ ផ្តល់មកវិញនូវសន្ទុះដ៏អស្ចារ្យ និងមិនទួងកង់ពេលចេញដេប៉ា។
STI E-RA ផ្តល់កម្លាំងដោយអាគុយទំហំ ៦០គីឡូវ៉ាត់ម៉ោង ដែលជាទំហំមួយតូចបន្តិច សម្រាប់រថយន្តស្ព័របែបនេះ ប៉ុន្តែ Subaru មានភាពជឿជាក់ថា STI E-RA នឹងអាចរត់ប្រណាំងលើផ្លូវទីលានបាន។
STI E-RA ត្រូវបានគេរំពឹងថា នឹងអាចរត់លើផ្លូវប្រណាំង Nürburgring GP ក្នុងរយៈពេលត្រឹម ៦នាទី ៤០វិនាទី។ រយៈពេលប៉ុណ្ណេះ វាយឺតជាងដៃគូប្រជែងបន្តិច ខណៈរថយន្ត Volkswagen ID.R ប្រើពេលត្រឹមតែ ៦នាទី ៥វិនាទី តែយ៉ាងណាក៏ដោយ វាលឿនជាងរថយន្ត Tesla S Plaid ដែលប្រើពេលដល់ ៧នាទី ៣៥វិនាទី។
គួរបញ្ជាក់ផងដែរថា រថយន្ត STI E-RA នេះជាប្រភេទរថយន្តគំរូប៉ុណ្ណោះ ដូច្នេះហើយយើងមិនរំពឹងថានឹងបានឃើញវាជាក់ស្តែងក្នុងពេលឆាប់ៗនេះទេ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងយករថយន្តនេះទៅរត់នៅលើទីលានប្រណាំងរថយន្តជប៉ុន នាចុងឆ្នាំ២០២២នេះហើយ៕