អ្នកប្រដាល់គុនចម្រុះ Conor McGregor បានជួបប្រធានាធិបតីរុស្សី Vladimir Putin អំឡុងពេលវគ្គផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup ២០១៨ ដែលរៀបចំនៅប្រទេសរុស្សី។
អតីតម្ចាស់ខ្សែក្រវាត់២ប្រភេទទម្ងន់របស់ស្ថាប័ន UFC បានបង្ហាញវត្តមានក្នុងកីឡដ្ឋាន Luzhniki ក្នុងទីក្រុង Moscow កាលពីខែ កក្កដា ឆ្នាំ ២០១៨ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ រវាងបារាំងនិងក្រូអាត។ McGregor និង Putin បានជួបនិងញញឹមដាក់គ្នា អំឡុងពេលនៅក្នុងកីឡដ្ឋាន និងបានថតរូបជាមួយគ្នា។
អំឡុងពេលឈរត្រៀមថត McGregor បានបន្លំយកដៃកៀកស្មាជាមួយ Putin។ ភ្លាមៗនេះអង្គរក្សរបស់លោកប្រធានាធិបតីបានបានមើលមុខ និងបង្ហាញកាយវិការឲ្យ McGregor ទម្លាក់ដៃចុះភ្លាម។ កីឡាករវ័យ៣៣ឆ្នាំ ក៏បានដាក់ដៃចុះ និងឈរថតបែបបង្ហាញការគោរពវិញ។
ក្រោយជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ World Cup ប៉ុន្តែក្នុងឆ្នាំ២០២២នេះរុស្សី ត្រូវប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើន រួមទាំងអាមេរិកដាក់ទណ្ឌកម្ម បន្ទាប់ពីពួកគេឈ្លានពាន ប្រទេសអ៊ុយក្រែន ដែលមានលោក Putin ជាអ្នកបញ្ជា។ សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនពេលនេះបន្តអូសបន្លាយ អស់រយៈពេល២សប្ដាហ៍ទៅហើយ៕ Source: Sabay