ប្រសិនបើអ្នកធ្លាប់ជិះយន្តហោះ អ្នកប្រហែលជាសង្កេតឃើញ មានប្រហោងតូចមួយ នៅផ្នែកខាងក្រោមបង្អួច យន្តហោះហើយ។ បើតាមរដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក (FAA) បានឲ្យដឹងថា ប្រហោងតូចនេះមិនបង្កជាហានិភ័យអ្វី ដល់អ្នកធ្វើដំណើរឡើយ តែវាបង្កើតឡើង ដើម្បីគោលបំណងសុវត្ថិភាពទៅវិញនោះទេ។

នៅពេលហោះកាន់តែខ្ពស់ សម្ពាធខ្យល់នឹងកាន់តែធ្លាក់ចុះទៅតាមហ្នឹងដែរ។ យ៉ាងណាមិញ បរិយាកាសនៅក្នុងកាប៊ីន យន្តហោះនៅអាចរក្សាសម្ពាធខ្យល់ ក្នុងកម្រិតសុវត្ថិភាពបាន។ នេះបានន័យថា សម្ពាធខ្យល់នៅខាងក្រៅយន្តហោះធ្លាក់ចុះខ្លាំង ជាងសម្ពាធខ្យល់ដែលមាននៅក្នុងកាប៊ីន។ ភាពខុសគ្នានេះ បានមកពីលក្ខណៈពិសេស នៃការរចនាបង្អួចយន្តហោះ។ បង្អួចយន្តហោះនីមួយៗមានចំនួនកញ្ចក់៣ស្រទាប់។
ស្រទាប់កញ្ចក់ខាងក្រៅ ប្រើសម្រាប់ទប់ទល់ជាមួយភាពខុសគ្នា នៃសម្ពាធខ្យល់។ ដោយឡែកនៅស្រទាប់កញ្ចក់កណ្ដាលវិញ មានចោះជាប្រហោងតូចមួយ ដែលគេហៅថា “Bleed Hole”។ ប្រហោងនេះប្រើសម្រាប់គ្រប់គ្រង ចរន្តសម្ពាធខ្យល់ឲ្យមានតុល្យភាព ក៏ដូចជារក្សាកម្ដៅ និងទប់ស្កាត់សំណើម មិនឲ្យចុះអ័ព្ទនៅកញ្ចក់បង្អួច។ សរុបមក ស្រទាប់កញ្ចក់ខាងក្រៅ ជាអ្នកទទួលសម្ពាធខ្យល់ ឯស្រទាប់កញ្ចក់កណ្ដាល ដែលមានប្រហោងវិញ ជាអ្នករក្សាតុល្យភាពខ្យល់ មិនឲ្យនៅក្នុងកាប៊ីនយន្តហោះ មានការធ្លាក់ចុះសម្ពាធដូចនៅខាងក្រៅទេ។
ដោយឡែកចំពោះស្រទាប់កញ្ចក់ខាងក្នុងវិញ ត្រូវគេប្រើសម្រាប់ការពារ ស្រទាប់ខាងក្រៅ និងស្រទាប់កណ្ដាលពីការទទួលរង នូវការខូចខាតណាមួយ ដែលបង្កឡើងដោយអ្នកធ្វើដំណើរ៕ Source: Sabay

