ប្លែកៗ

មូលហេតុ​ចម្បងៗ​ចំនួន ៧ ដែលឆ្កែឆ្មា​នៅ​សុខៗ​ ទៅ​យក​ក្បាល​ខ្ទប់​ជញ្ជាំង​

ជា​ទូទៅ សត្វ​ចិញ្ចឹម​ដូចជា​ឆ្កែ ឬ​ឆ្មា យូរៗ​ម្ដង​តែង​មាន​ការ​បញ្ចេញ​ អាកប្បកិរិយា​ប្លែកៗ​ខុស​ពី​សព្វ​ដង។ កាយវិការ​ខុស​ប្លែក​​ទាំង​នេះ​​អាច​ជា​រឿង​ធម្មតា ​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ តែ​ខ្លះ​អាច​ជា​រោគ​សញ្ញា ​នៃ​បញ្ហា​សុខភាព​របស់​ពួក​វា ​នៅ​​ក្នុង​ប្រការ​ណា​មួយ។ ជា​ឧទាហរណ៍​ សត្វ​ឆ្កែឬ​ឆ្មា​អាច​យក​ក្បាល​វា​ ទៅ​ទល់​នឹង​ជញ្ជាំង​ឬ​ឥដ្ឋ ដែល​មើល​ទៅ​ហាក់​បី​ដូចជា​រឿង​ធម្មតា​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​បើ​តាម​អ្នក​ជំនាញ​វិញ វា​អាច​ជា​អាការៈ​​បញ្ជាក់​បង្ហាញ ​ពី​បញ្ហា​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។

មូលហេតុ​ចម្បងៗ​ចំនួន ៧ ដែល​​អាច​ឲ្យ​សត្វ​ឆ្កែ ឬ​ឆ្មា យក​ក្បាល​វា​ទៅ​ខ្ទប់​នឹង​ជញ្ជាំង មាន​ដូច​ខាង​ក្រោម៖

១. បញ្ហា​ខួរ​ក្បាល

ចំណុច​នេះ​បាន​ន័យ​ថា​សត្វ​ចិញ្ចឹម​នោះ​ទំនង​ជា​មាន​ការ​រលាក​​នៅ​ក្នុង​ផ្នែក​ខួរ​ក្បាល។ បញ្ហា​សុខភាព​នេះ​ច្រើន​តែ​កើត​ឡើង​​​លើ​សត្វ​ឆ្កែ​ជាង​សត្វ​ឆ្មា។ ឆ្កែ​វ័យ​ជំទង់ ឬ​កូន​ឆ្កែ មាន​ទំនោរ​កើត​មាន​បញ្ហា​ខួរ​ក្បាល​​ច្រើន ខណៈ​ដែល​ឆ្កែ​​ចំណាស់ៗ​មិន​សូវ​​ជា​កើត​មាន​ឡើយ។ រោគ​សញ្ញា​នៃ​បញ្ហា​ខួរ​ក្បាល​សត្វ​ចិញ្ចឹម​នេះ មាន​ដូចជា ប្រកាច់ វង្វេង​ស្មារតី អាកប្បកិរិយា​រាង​ប្លែកៗ ទ្រុឌទ្រោម​កម្លាំង បាត់បង់​តុល្យភាព និង​​កើត​គ្រុន​ក្ដៅ ជា​ដើម។

២. បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ

វា​អាច​ជា​បញ្ហា​តំណ​ពូជ ដែល​អាច​វិវឌ្ឍ​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម និង​​ជំងឺ​ខ្សោយ​ក្រពេញ​​ទីរ៉ូអ៊ីត។

៣. បញ្ហា​​ឈឺ​ក្បាល

បញ្ហា​ឈឺ​ក្បាល​របស់​ឆ្កែ​ឆ្មា អាច​បណ្ដាល​មក​ពី​ការ​ប៉ះ​ទង្គិច​ក្បាល​ណា​មួយ។ អាការៈ​ឈឺ​ក្បាល​នេះ​​​បែង​ចែក​ជា ២​ប្រភេទ។ ទី​១​គឺ​ជា​ប្រភេទ​នៃ​ការ​ឈឺ​ចាប់ និង​របួស ដែល​កើត​ឡើង​ភ្លាមៗ​កំឡុង​ពេល​ប៉ះ​ទង្គិច។ ឯ​ប្រភេទ​ទី២ វា​កើត​ឡើង​ក្នុង​រយៈពេល​ណា​មួយ ក្រោយ​ពេល​ប៉ះ​ទង្គិច ដោយសារ​តែ​​​បញ្ហា​ឈាម​កក​នៅ​ក្នុង​ក្បាល។

៤. បញ្ហា​​ឈឺ​ថ្លើម

ថ្លើម​មាន​មុខងារ​កម្ចាត់​ចោល​នូវ​សារធាតុ​អាក្រក់​ចេញ​ពី​ឈាម​នៅ​ក្នុង​រាងកាយ។ បើ​កាល​ណា​សត្វ​ចិញ្ចឹម​កើត​មាន​បញ្ហា​ថ្លើម នោះ​វា​នឹង​ក្លាយ​ជា​​រឿង​​ធំ​សម្រាប់​ពួក​វា។ ចំពោះ​ឆ្កែ ផល​ប៉ះពាល់​នៃ​ការ​ខូច​ថ្លើម​មាន​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​រលាក​ថ្លើម និង​ជំងឺ​គូស៊ីង។ ដោយ​ឡែក​ចំពោះ​ឆ្មា​វិញ មាន​ដូចជា ជំងឺ​ខ្លាញ់​រុំ​ថ្លើម ជំងឺ​រលាក​ស្រោម​ពោះ និង​ជំងឺ​មហារីក​ឈាម។

៥. បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ

បញ្ហា​នេះ​​ជា​ទូទៅ​បណ្ដាល​មក​ពី​ការ​ពុល​ចំណី កង្វះ​អាហារូបត្ថម្ភ និង​កត្តា​តំណ​ពូជ។ វា​អាច​ធ្វើ​ឲ្យ​ឆ្កែ​ឆ្មា​ទៅ​ជា​ខ្វិន គ្រុន​ញាក់ ឬ​ប្រកាច់។ រោគ​សញ្ញា​នៃ​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ មាន​ដូចជា ពិបាក​មើល​​ឃើញ ​ពិបាក​ឈឺ​នោម ឬ​​ញាក់​ភ្នែក។

៦. បញ្ហា​ដុះ​សាច់​ក្នុង​ខួរ​ក្បាល

វា​ច្រើន​តែ​កើត​មាន​ចំពោះ​ឆ្កែ ឬ​ឆ្មា ដែល​មាន​វ័យ​ចំណាស់ៗ ហើយ​រោគ​សញ្ញា​មាន​ដូចជា ពិបាក​ដើរ មិន​សូវ​សកម្ម និង​ពិបាក​ដក​ដង្ហើម ជា​ដើម។

៧. ពុល​អាហារ

បញ្ហា​នេះ​អាច​កើត​ឡើង​ព្រោះ​តែ​ឆ្កែ ឬ​ឆ្មា​ស៊ី​ចំណី​ខុស ឬ​ច្រឡំ​ស៊ី​ថ្នាំ​ពេទ្យ​ ឬ​ផលិតផល​គីមី​ណា​មួយ​ចូល​​ទៅ​ក្នុង​ក្រពះ៕ Source: Sabay

Most Popular

To Top