ប្លែកៗ

កុំ​ទុក​កូន​ចោល​ក្នុង​ឡាន! មាន​ក្មេង ៨០០ នាក់​បាន​ស្លាប់​ដោយសារបែប​នេះ

តាម​របាយការណ៍​របស់​ Golden Gate Weather Services ប្រចាំ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា​មាន​កូន​ក្មេង​ចំនួន ៨០០ នាក់​បាន​បាត់បង់​ជីវិត​​​នៅ​ក្នុង​រថយន្ត​ដែល​មាន​កម្ដៅ​ក្ដៅ គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨ មក។

​ករណី​ថ្មី​ចុង​ក្រោយ​បំផុត​គឺ​កើត​ឡើង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ នៅ​ពេល​ដែល​ក្មេង​ប្រុស​អាយុ ៤ ឆ្នាំ​ម្នាក់ ​ក្នុង​ Saint Paul ​រដ្ឋ​ Minnesota បាន​បាត់បង់​ជីវិត​ក្រោយ​ពី​ឪពុក​ទុក​ចោល​នៅ​ក្នុង​រថយន្ត​ SUV រយៈពេល​រាប់​ម៉ោង។

Golden Gate Weather Services បាន​បញ្ជាក់​ថា​​ឧបទ្ទវហេតុ​នេះ​កើត​ឡើង​ពេល​ដែល​សីតុណ្ហភាព​មាន​ត្រឹម​​ប្រមាណ ២១ អង្សា​ប៉ុណ្ណោះ និង​និយាយ​ថា​ខាង​ក្នុង​រថយន្ត​អាច​ឡើង​កម្ដៅ​ក្ដៅ​ខ្លាំង​ ទោះ​​សីតុណ្ហភាព​ខាង​​ក្រៅ​មិន​សូវ​ក្ដៅ​ក្ដី។

​​​ក្រុមហ៊ុន​សេវាកម្ម​អាកាសធាតុ​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា​ ៥៤% នៃ​ករណី​ចំនួន ៧៩៥ លើក ដែល​កើត​ឡើង​អំឡុង​ពេល​ ២១ ឆ្នាំ​កន្លង​ទៅ​នេះ បណ្ដាល​មក​ពី​​ឪពុក​ម្ដាយ ឬ​អ្នក​មើល​ក្មេង​ ភ្លេច​កូន​ក្មេង​នៅ​ក្នុង​រថយន្ត។ ហេតុផល​សំខាន់​ពីរ​ទៀត​​រួម​មាន​ ក្មេងៗ​អាច​ចូល​រថយន្ត​ដោយ​ខ្លួន​ឯង (២៦,៣%) និង​​ការ​ទុក​ចោល​ពី​អ្នក​មើល​ក្មេង​ដោយ​​ដឹង​ខ្លួន​​​ថា​ទុក​ចោល​ (១៨,៩%)។

​នៅ​ក្នុង​ឆ្នាំ ២០១៨ នៅ​សហរដ្ឋអាមេរិក​ មាន​ការ​កត់ត្រា​ថា​កូន​ក្មេង ៥២ នាក់​បាន​ស្លាប់​ដោយ​សារ​កាត​ទុក​ចោល​ក្នុង​រថយន្ត​ក្ដៅ។ នេះ​បើ​តាម​វិបសាយ​ Kids and Cars។ នៅ​ឆ្នាំ ២០១៧ តួ​លេខ​មាន​ចំនួន ៤៣ នាក់។ អង្គភាព​នេះ​បាន​កត់ត្រា​ការ​ស្លាប់​ចំនួន ៥ មក​ហើយ​នៅ​ឆ្នាំ ២០១៩ ដែល​កើត​​ឡើង​តាំង​ពី​ថ្ងៃ​ទី ៤ ខែ​មេសា។

ដូច​នេះ​ជា​ការ​ណែនាំ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ មិន​ត្រូវ​ទុក​ក្មេង​ចោល​នៅ​ក្នុង​រថយន្ត​តែ​ម្នាក់​ឯង​នោះ​ទេ។ លោក​សាស្ត្រាចារ្យ​ David Diamond ​ប្រចាំ​វិបសាយ​ Kids and Cars ក៏​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ ឲ្យ​បន្ថែម​​មុខងារ​ការពារ​ដើម្បី​រំឭក​ដល់​ឪពុក​ម្ដាយ​អំពី​កូន​ក្មេង​ដែល​អង្គុយ​នៅ​កៅអី​ក្រោយ​៕​

ប្រភព៖sabay

Most Popular

To Top