ប្លែកៗ

លោក ម៉ុង គីមហេងបានវាយតម្លៃ និងកោតសរសើរចំពោះគណៈកម្មការ រៀបចំការប្រកួត ប្រតិភូ និងក្រុមអត្តពលិ រួមចំណែកធ្វើឲ្យការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ទទួលជោគជ័យ

ភ្នំពេញ៖លោក ម៉ុង គីមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ ប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវូវីណាមកម្ពុជាបានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយសហព័ន្ធកីឡាវូវីណាមកម្ពុជាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន ៣៨ ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ចំណែកកីឡាវូវីណាមប្រព្រឹត្តទៅចាប់ថ្ងៃទី១៩-២៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង៨ចូលរួមរួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។ ការប្រកួតនេះរៀបចំដោយក្រសួងអប់រំយុវជន និងកីឡាសហការណ៍ជាមួយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា 

លោក ម៉ុង គីមហេង បានមានប្រសាសន៍ថា កីឡាបានដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌ និងសហគមន៍ទូទាំងពិភពលោកផង បច្ចុប្បន្នពិភពលោកទទួលស្គាល់ថា ការធ្វើសកម្មភាពកីឡាគឺជាយានដ៏សំខាន់ដើម្បីទទួលបានសុខភាពល្អជាទុនសម្រាប់ជោគជ័យក្នុងការងារ និងការរស់នៅប្រកបដោយភាពសុខដុមនីយកម្ម។ លើសពីនេះ កីឡាបានរួមចំណែកកសាងធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិឲ្យសមស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមថ្ងៃនេះ យើងនៅសល់ពេលត្រឹមតែ១៦៤ ថ្ងៃ គឺមិនដល់៦ខែទៀតទេ ដល់ថ្ងៃពិធីបើកជាផ្លូវការណ៍ ព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ នៃការរៀបចំប្រកួតកីឡាSEA GAMES លើកទី៣២ ។

លោកបានបន្តថា ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃ និងកោតសរសើរចំពោះ គណៈកម្មការរៀបចំការប្រកួត ប្រតិភូ កីឡាករ-កីឡាការិនីបានរួមចំណែកធ្វើឲ្យការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ របស់យើងប្រព្រឹត្តទៅដោយជោគជ័យ និងសូមសំណូមពរដល់មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនី  ត្រូវខិតខំបន្ថែមទៀត ធ្វើយ៉ាងណា រួមគ្នាសម្រេចឲ្យបាននូវផែនការឆ្ពោះទៅកាន់មេដាយមាស SEA GAMES ២០២៣របស់យើង៕ ដោយ៖លី ភីលីព

Most Popular

To Top