ប្លែកៗ

ព្រោះមូលហេតុជំនឿ និងការគោរពទើបអគារ​នៅ​មីយ៉ាន់ម៉ា មិន​អាច​សង់​ឲ្យ​ខ្ពស់​ជាង ៣៥​ជាន់​ដាច់​ខាត

បណ្ដុំ​អគារ​ខ្ពស់ៗ​ជាង​គេ​នៅ​​មីយ៉ាន់ម៉ា ភាគ​ច្រើន​ត្រូវ​បាន​សាងសង់​ឡើង ​​​​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ដែល​​ជា​ទីក្រុង​ដ៏​​បំផុត​​នៃ​ប្រទេស​អាស៊ី​មួយ​នេះ។ យ៉ាង​ណា​មិញ គ្មាន​អគារ​ណា​មួយ​ដែល​អាច​សង់​ដល់​កម្ពស់ ៣៥​ជាន់​ឬ​ខ្ពស់​ជាង​នេះ​​បាន​នោះ​ឡើយ។

មូលហេតុ​ក៏​ដោយសារ​តែ​មាន​ច្បាប់​កំណត់ ​​មិន​ឲ្យ​មាន​សំណង់​អគារ​ណា​មួយ​លើស​ពី​កម្ពស់ ១២៧​ម៉ែត្រ​ពី​​ដី​ទេ ដើម្បី​​កុំ​​ឲ្យ​មាន​ការ​បិទបាំង​ទេសភាព និង​ជា​ពិសេស​នោះ​​គឺ​មិន​ឲ្យ​ខ្ពស់​ជាង​វត្ត​ Shwedagon ដែល​ជា​វត្ត​​ល្បី​ល្បាញ និង​សក្តិសិទ្ធិ​​បំផុត​ជាង​គេ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ធ្លាប់​មាន​គម្រោង​មួយ​ដំបូង​គេ ដែល​ចង់​សាង​សង់​​អគារ​កម្ពស់ ១៩៥​ម៉ែត្រ​ នៅ​យ៉ាំងហ្គោន ប៉ុន្តែ​ត្រូវ​ប្រឈម​យ៉ាង​ខ្លាំង​ ពី​ការ​ជំទាស់​ដាច់​អហង្ការ​ ពី​សំណាក់​ក្រុម​អ្នក​អភិរក្ស។ ហេតុ​ដូច្នេះ​ហើយ​ទើប​គម្រោង​អគារ​ខ្ពស់​ជាង​គេ​​នេះ ​ត្រូវ​លុប​ចោល​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ។

គួរ​រំលឹក​ថា បច្ចុប្បន្ន​​​អគារ​ខ្ពស់​ជាង​នៅ​មីយ៉ាន់ម៉ា មាន​កម្ពស់​ត្រឹម​តែ ១២២​ម៉ែត្រ​ប៉ុណ្ណោះ។ អគារ​នោះ​មាន​ឈ្មោះ​ថា Diamond Inya Palace ដែល​ទើប​បញ្ចប់​​ការ​សាងសង់ ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ។ ក្រៅ​ពី​នេះ បណ្ដុំ​អគារ​ខ្ពស់​ៗ​ជាង​គេ​មាន​កម្ពស់​ត្រឹម​ចន្លោះ​ពី ៩០​ម៉ែត្រ ដល់​ជាង ១០០​ម៉ែត្រ​តិច​តួច​ប៉ុណ្ណោះ៕ source: Sabay

Most Popular

To Top