បញ្ហាធំបំផុតរបស់អ្នកបើកបររថយន្ត គឺងងុយដេករាល់ពេលបើកផ្លូវឆ្ងាយម្តងៗ ដែលវាពិតជាពិបាកមែនទែន។ ដើម្បីដោះទ័លរឿងនេះម្តងៗ តៃកុងនីមួយៗតែងប្រើវិធីសាស្រ្តផ្សេងៗគ្នា ដូចជាបើកកញ្ចក់បង្អួច បើកចម្រៀងឱ្យលឺៗខ្លាំង ឬនិយាយទូរសព្ទជាដើម តែធ្វើបែបនេះអាចប្រឈមនឹងគ្រោះថ្នាក់ទៅវិញទេ។
ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗ ដែលជាការណែនាំពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិរបស់អាមេរិក៖
-កុំផឹកគ្រឿងស្រវឹង ហើយបើកបរ ព្រោះថាគ្រឿងស្រវឹងនឹងកាត់បន្ថយសមត្ថភាពបើកបររបស់អ្នក ហើយពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនទៀតផង។ មិនតែប៉ុណ្ណោះ វាក៏ខុសច្បាប់ក្នុងការបើកបរផងដែរ។
-បើអាច គួរកុំព្យាយាមបើកផ្លូវឆ្ងាយតែឯង។ គួរមានអ្នករួមដំណើរយ៉ាងហោចណាស់ឱ្យបានម្នាក់ទៀតដែរ គ្រាន់ជជែកគ្នាលេង ឬអាចដូរដៃគ្នាបើក ពេលងងុយដេក។
-គួរសម្រាកឱ្យបានគ្រប់គ្រាន់ ធ្វើយ៉ាងណាឱ្យបាន ៨ម៉ោងដែរ មុនចេញដំណើរផ្លូវឆ្ងាយ។
-បើត្រូវបើករថយន្តឆ្ងាយច្រើនម៉ោង គួរកុំបង្ខំពេកអី អាចរកកន្លែងសម្រាកក្នុងរយៈពេល ២ម៉ោងម្តង។
-ទទួលទានកាហ្វេ ឬភេសជ្ជៈដែលជួយពង្រឹងស្មារតីបើកបរ។
-ព្យាយាមអង្គុយត្រង់ខ្លួន។
-ទំពារស្ករកៅស៊ូ ឬបៀមស្ករគ្រាប់ហិរៗ។
ជាមួយគ្នានេះ អ្នកក៏អាចកត់សម្គាល់ខ្លួនឯងថា កំពុងងងុយដេកឬអត់នោះ រួមមានដូចជា៖
-មិនអាចចងចាំថា ខ្លួនបើកបានប៉ុន្មានគីឡូហើយ។
-ពិបាកផ្តោតលើការបើកបរ ឬពិបាកបើកភ្នែកជាដើម។ -រេចង្កូតតិចៗ
-ស្ងាបជារឿយៗ៕