នៅក្នុងឆ្នាំ២០២៤នេះ មាន ៦ប្រទេសដែលមានលិខិតឆ្លងដែនខ្លាំងជាងគេលើពិភពលោក។ នេះបើតាមសម្រង់ទិន្នន័យរបស់ក្រុមហ៊ុនហ៊ែនលី និងសហការី (Henley and Partners)។
លិខិតឆ្លងដែនដែលមានឥទ្ធិពលខ្លាំងជាងគេនេះសំដៅលើ លិខិតឆ្លងដែន ដែលអាចចេញចូលប្រទេសនានាបានច្រើនជាងគេ ដោយមិនត្រូវការទិដ្ឋាការ ឬ វីសា។
នៅឆ្នាំ២០២៤ មាន ៦ប្រទេស ដែលមានប៉ាស្ព័រខ្លាំងជាងគេគឺ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សិង្ហបុរី និងអេស្ប៉ាញ។ ប្រទេសទាំង ៦នេះអាចចេញចូល ១៩៤ប្រទេស/ដែនដី ដោយមិនចាំបាច់មានទិដ្ឋាការ។
នៅអាស៊ីអាគ្នេយ៍វិញ ប៉ាស្ព័រខ្លាំងបន្ទាប់ពីស្រុកសាំងហ្គាពួរគឺ ប៉ាស្ព័ររបស់ម៉ាឡេស៊ី ដែលជាប់លេខ ១២ ហើយដើរបាន ១៨២ប្រទេសលើពិភពលោក ហើយបន្តមកគឺប្រ៊ុយណេ ជាប់លេខ ២០ ដែលដើរបាន ១៦៨ប្រទេស។
បើក្រឡេកមើលតំបន់មេគង្គ ដែលមាន ៥ប្រទេស (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ថៃជាប់លេខ ១ (៦៣លើពិភពលោក) ដែលមានប៉ាស្ព័រអាចដើរបាន ៨២ប្រទេស ចំណែកឯកម្ពុជាវិញលេខ ២ (៨៦លើពិភពលោក) ដែលអាចដើរបាន ៥៦ប្រទេស។ ចំណែកឯវៀតណាមវិញមានប៉ាស្ព័រដើរបាន ៥៥ប្រទេស ឡាវ ៥១ប្រទេស ហើយចុងក្រោយគឺមីយ៉ាន់ម៉ា ដើរបាន ៤៨ប្រទេស។
សូមជម្រាបផងដែរថា ខាងក្រុមហ៊ុនហ៊ែនលី និងសហការីបានប្រើប្រាស់ទិន្នន័យផ្ដាច់មុខដែលស្រង់យកចេញពីអាជ្ញាធរដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)៕
ប្រភព៖sabbay