បរទេស៖ Livia Voigt ជានិស្សិតចិត្តវិទ្យាប្រេស៊ីលអាយុ ១៩ ឆ្នាំដែលមានទ្រព្យសម្បត្តិចំនួន ១,១ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១០ ខែមេសាគឺជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោក បើយោងតាមទស្សនាវដ្តី Forbes ។ ក្មេងជំទង់រូបនេះស្ថិតក្នុងចំណោមអ្នកស្នងមរតកទាំង ១៨នាក់ របស់ក្រុមហ៊ុនលក់ម៉ូទ័រអគ្គិសនី WEG ដូចដែលបានរាយការណ៍ដោយ The Sun ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា Livia Voigt និងបងស្រីរបស់នាងឈ្មោះ Dora Voigt de Assis អាយុ ២៦ឆ្នាំ ម្នាក់ៗបានទទួលមរតកភាគហ៊ុន ៣,១ភាគរយ នៅក្នុងក្រុមហ៊ុនពីជីតារបស់ពួកគេ និងសហស្ថាបនិក WEG លោក Werner Ricardo Voigt ដែលបានទទួលមរណភាពនៅឆ្នាំ ២០១៦ ។
បងប្អូនស្រីទាំងពីរមិនមានកៅអីក្រុមប្រឹក្សាភិបាល ឬតំណែងប្រតិបត្តិនៅ WEG ទេ។ ជំនួសវិញពួកគេជ្រើសរើសដឹកនាំជីវិតស្ងប់ស្ងាត់ជាមួយគ្រួសាររបស់ពួកគេនៅ Florianópolis ប្រទេសប្រេស៊ីល។
Livia និង Dora គឺជាអ្នកថ្មីពីរនាក់ក្នុងចំណោមអ្នកចូលថ្មីទាំងប្រាំពីរនាក់នៅក្នុងបញ្ជីរបស់ Forbes នៃមហាសេដ្ឋីវ័យក្មេងបំផុតទាំង ២៥ ក្នុងឆ្នាំនេះ។
បងប្អូនជីដូនមួយពីរនាក់របស់ពួកគេ Eduardo Voigt Schwartz និង Mariana Voigt Schwartz Gomes ក៏មានភាគហ៊ុននៅក្នុង WEG ហើយត្រូវបានបញ្ចូលក្នុងបញ្ជីមហាសេដ្ឋីឆ្នាំ ២០២៤ របស់ទស្សនាវដ្តី។
ក្រុមហ៊ុន WEG ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Jaraguá do Sul ប្រទេសប្រេស៊ីល គឺជាក្រុមហ៊ុនផលិតម៉ូទ័រអេឡិចត្រិច ម៉ាស៊ីនភ្លើង និងម៉ាស៊ីនបំលែង ប្រអប់លេខ និងម៉ូទ័រប្រអប់លេខធំជាងគេមួយនៅលើពិភពលោក។
ជាមួយនឹងផលិតផលរបស់ខ្លួនបានទៅដល់ជាង ១៣៥ ប្រទេស ក្រុមហ៊ុនមានប្រាក់ចំណូលលើសពី ៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣៕
ប្រែសម្រួលៈ ណៃ តុលា