ប្លែកៗ

ឥណ្ឌូនេស៊ី៖ ពស់ថ្លាន់មួយក្បាល លេបស្រ្តីម្នាក់ពេលកំពុងធ្វើដំណើរទៅទិញថ្នាំឱ្យកូន

បរទេស៖ ប៉ូលិសបាននិយាយកាលពីថ្ងៃពុធថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងពោះរបស់សត្វពស់ថ្លាន់មួយក្បាល បន្ទាប់ពីពស់នេះបានលេបនាងទាំងមូលនៅភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី ដែលនេះជាការស្លាប់ទី២ដោយសារពស់ថ្លាន់ក្នុងរយៈពេលមួយខែ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសបាននិយាយថា ស្រ្តីដែលស្លាប់នោះ ឈ្មោះ Siriati អាយុ ៣៦ ឆ្នាំ បានបាត់ខ្លួនបន្ទាប់ពីនាងបានចេញពីផ្ទះកាលពីព្រឹកថ្ងៃអង្គារដើម្បីទិញថ្នាំឱ្យកូនរបស់នាងដែលឈឺ ដែលនាំឱ្យសាច់ញាតិចាប់ផ្តើមការស្វែងរកពេលបាត់ខ្លួន។

ប្តីរបស់នាងឈ្មោះ Adiansa អាយុ ៣០ ឆ្នាំ គឺបានរកឃើញស្បែកជើង និងខោរបស់នាងនៅលើដីចម្ងាយប្រហែល ៥០០ ម៉ែត្រពីផ្ទះរបស់ពួកគេនៅក្នុងភូមិ Siteba ខេត្ត South Sulawesi។

មេប៉ូលីសក្នុងស្រុក Idul បានប្រាប់ AFP ថា “មិនយូរប៉ុន្មានក្រោយមកគាត់បានប្រទះឃើញពស់មួយក្បាលនៅចម្ងាយប្រហែល ១០ ម៉ែត្រពីផ្លូវ។ ស្មៀនភូមិ បានប្រាប់ AFP ថា Adiansa មានការសង្ស័យបន្ទាប់ពីគាត់បានកត់សម្គាល់ពោះ របស់ពស់ថ្លាន់នោះ ធំខ្លាំង។ គាត់បានហៅអ្នកភូមិឲ្យជួយកាត់ពោះវា ហើយក៏រកឃើញសពប្រពន្ធរបស់គាត់។

ឧប្បត្តិហេតុបែបនេះត្រូវបានចាត់ទុកថាកម្រមានណាស់ ប៉ុន្តែមនុស្សជាច្រើនត្រូវបានពស់ថ្លាន់លេបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់កាលពីខែមុននៅក្នុងពោះពស់ថ្លាន់មួយក្បាលនៅក្នុងស្រុកមួយទៀតនៃ South Sulawesi ហើយកាលពីឆ្នាំមុន អ្នកស្រុកក្នុងខេត្តបានសម្លាប់ពស់ថ្លាន់ប្រវែងខ្លួន ៨ ម៉ែត្រ ដែលត្រូវបានគេប្រទះឃើញកំពុងរឹតក និងលេបកសិករម្នាក់ក្នុងភូមិ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top