ភ្នំពេញ៖ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានអះអាងជាថ្មីម្តងទៀតនូវជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅអាស៊ី ដោយទទួលបានងារជា “ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ី – លើបទពិសោធន៍សេវាកម្មបម្រើអតិថិជនឆ្នើមឆ្នាំ ២០២៥” នៅក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ដ៏ល្បីល្បាញដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហុងកុង។

ព្រឹត្តិការណ៍ឆ្នាំនេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំពិភពលោក និងអ្នកជំនាញប្រកបដោយវិជ្ជាជីវៈមកពីវិស័យអាកាសចរណ៍ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីអបអរសាទរការទទួលបានពានរង្វាន់ដ៏ល្អឥតខ្ចោះសម្រាប់ការផ្តល់សេវាកម្មធ្វើដំណើរ។ ស្ថាប័នផ្តល់ពានរង្វាន់ទេសចរណ៍កម្រិតពិភពលោកនេះ ជាស្ថាប័នមួយដែលត្រូវបានគេគោរពប្រកបដោយកិត្តិយសដ៏មានតម្លៃបំផុត និងយ៉ាងទូលំទូលាយនៅលើពិភពលោកនៅក្នុងឧស្សាហកម្មនេះ សម្រាប់ការផ្តល់ការវាយតម្លៃ និងទទួលស្គាល់សមិទ្ធផលល្អៗរបស់ក្រុមហ៊ុននានា តាមរយៈការបោះឆ្នោតជ្រើសរើសដោយអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកដំណើរទូទាំងពិភពលោក។
លោក Graham E. Cooke ស្ថាបនិកនៃស្ថាប័ន World Travel Awards បានមានប្រសាសន៍ថា៖ “Vietjet នៅតែបន្តកំណត់ស្តង់ដារកាន់តែប្រសើរសម្រាប់សេវាកម្មបម្រើអតិថិជនក្នុងវិស័យអាកាសចរណ៍ ហើយយើងខ្ញុំពិតជារីករាយណាស់ដែលទាំងស្ថាប័នពាណិជ្ជកម្មធ្វើដំណើរ និងសាធារណៈជនធ្វើដំណើរបានបោះឆ្នោតទទួលស្គាល់ភាពល្អឥតខ្ចោះដល់ក្រុមហ៊ុន Vietjet ធ្វើឱ្យក្រុមហ៊ុននេះទទួលបានពានរង្វាន់ជា ‘ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ី – លើបទពិសោធន៍សេវាបម្រើអតិថិជនឆ្នើម ឆ្នាំ២០២៥’។ ការប្តេជ្ញាចិត្តបន្តផ្តល់សេវាអតិថិជនឱ្យកាន់តែប្រសើររបស់ក្រុមការងារទាំងអស់របស់ Vietjet គឺជាកម្លាំងជំរុញទឹកចិត្តយើងទាំងអស់គ្នា។”

លោក Nguyen Thanh Son នាយកគ្រប់គ្រងក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ “យើងពិតជាមានកិត្តិយសណាស់ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នផ្តល់ពានរង្វាន់ទេសចរណ៍ពិភពលោកសម្រាប់៣ឆ្នាំជាប់ៗគ្នា។ ពានរង្វាន់នេះ គឺជាការគោរពដ៏ស្មោះស្ម័គ្រចំពោះអ្នកដំណើររាប់រយលាននាក់ និងក្រុមការងារ Vietjet ទាំងអស់ដែលបានជឿទុកចិត្ត គាំទ្រ និងធ្វើការដោយមិននឿយហត់ក្នុងការផ្តល់នូវបទពិសោធន៍ធ្វើដំណើរដ៏ទំនើបពិសេសដល់អតិថិជន។”
ក្រុមហ៊ុន Vietjet មានប្រតិបត្តិការកងនាវាអាកាសចរទំនើបដែលបានហោះហើរឆ្លងកាត់ផ្លូវជាង ១៧០ និងបានបម្រើសេវាដឹកជញ្ជូនអ្នកដំណើរជាង ២៥០ លាននាក់មកដល់បច្ចុប្បន្ននេះ ដោយផ្តល់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងការបំផុសគំនិតផ្សារភ្ជាប់ប្រជាជន និងវប្បធម៌ទូទាំងពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តលើកកម្ពស់បទពិសោធន៍ល្អៗដល់អ្នកដំណើររបស់ខ្លួនតាមរយៈការបង្កើតថ្មី ដោយណែនាំផលិតផល និងសេវាកម្មថ្មីៗជាច្រើនរួមមាន ការធ្វើដំណើរបែបធុរកិច្ច (Business class) កម្មវិធីភក្ដីភាព SkyJoy ការទិញទំនិញលើយន្តហោះ ដំណោះស្រាយឌីជីថល និងជំនួយការ Amy ដែលដំណើរការដោយ បញ្ញាសិប្បនិម្មិត (AI) ។

ជាមួយនឹងបណ្តាញហោះហើរអន្តរជាតិដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងការផ្តល់ជូនសេវាដ៏គួរឱ្យទាក់ទាញពេញមួយឆ្នាំ Vietjet ភ្ជាប់អ្នកដំណើរកម្ពុជាកាន់តែច្រើនទៅកាន់ប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ ដែលអ្នកដំណើរអាចភ្ជាប់ជើងហោះហើរទៅកាន់គោលដៅផ្សេងទៀតៗបានដោយងាយស្រួលនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក តាមរយៈបណ្តាញដ៏ធំទូលាយរបស់ Vietjet ។

