សុខភាព និង ផ្លូវភេទ

ការពិនិត្យរោគស្ត្រី សំខាន់ណាស់មែនទេ?

ការពិនិត្យរោគស្ត្រី គឺត្រូវធ្វើឡើង ដោយវេជ្ជបណ្ឌិត ជំនាញរោគស្ត្រី ដោយការប្រើប្រាស់ភ្នែក និងការពិនិត្យផ្ទាល់លើសរីរាង្គបន្តពូជរបស់ស្ត្រី។ ស្រ្តីគួរធ្វើការការពិនិត្យរោគស្ត្រីឲ្យបានទៀងទាត់ ឬគ្រូពេទ្យអាចណែនាំឲ្យស្ត្រីធ្វើការ ពិនិត្យរោគស្ត្រី ប្រសិនបើអ្នកមានរោគសញ្ញា ដូចជាការហូរទឹករំអិលពីទ្វារមាសខុសប្រក្រតី ឬការឈឺអាងត្រគាក។ឮជាដើម។

ការពិនិត្យរោគស្ត្រី គឺជាការពិនិត្យបបេរ ទ្វារមាស ស្បូន ពោះវៀនធំ និងឆ្អឹងអាងត្រគាក រួមទាំងក្រពេញអូវែ ដើម្បីស្វែងរកដុំ ការលូតលាស់ ឬភាពមិនប្រក្រតីផ្សេងទៀត។

ការពិនិត្យកោសិកាមាត់ស្បូនដើម្បីស្វែងរកជំងឺមហារីកមាត់ស្បូនក៏ត្រូវធ្វើនៅក្នុងអំឡុងពេលការពិនិត្យរោគស្ត្រីផងដែរ។

គោលបំណងនៃការពិនិត្យរោគស្ត្រីរួមមាន ៖

• ការវាយតម្លៃសុខភាពបន្តពូជរបស់ស្ត្រី ៖ ការពិនិត្យរោគស្ត្រី គឺជាការពិនិត្យលើរាងកាយស្ត្រីដើម្បីស្វែងរកសញ្ញានៃជំងឺរួមមានគីសក្រពេញអូវែ ការឆ្លងមេរោគតាមរយៈការរួមភេទ ដុំសាច់ ឬមហារីកនៅដំណាក់កាលដំបូង។ គ្រូពេទ្យតែធ្វើការណែនាំស្ត្រីឲ្យធ្វើការការពិនិត្យរោគស្ត្រីជារៀងរាល់ឆ្នាំ។

• ការធ្វើរោគវិនិច្ឆ័យជំងឺណាមួយ ៖ គ្រូពេទ្យតែងណែនាំឲ្យស្ត្រីធ្វើការពិនិត្យរោគស្ត្រី ប្រសិនបើស្ត្រីកំពុងមានរោគសញ្ញាមួយចំនួន ដូចជាការឈឺអាងត្រគាក ការហូរឈាមពីទ្វារមាសខុសពីធម្មតា ការផ្លាស់ប្តូរស្បែក ការហូរទឹករំអិលពីទ្វារមាសខុសពីធម្មតា ឬការមានបញ្ហានៅប្រព័ន្ធបង្ហូរទឹកនោម។

ការពិនិត្យរោគស្ត្រីអាចជួយឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យពីមូលហេតុនៃរោគសញ្ញាទាំងនេះ ហើយកំណត់ការធ្វើតេស្តរោគវិនិច្ឆ័យផ្សេងទៀត ឬការព្យាបាលប្រសិនបើចាំបាច់៕ ប្រភព៖health.com.kh

Most Popular

To Top