ពិតណាស់ថា ភាពចាស់ជរាកើតឡើង ទៅតាមធម្មជាតិ ប៉ុន្តែអត្រាចុះខ្សោយឬ ភាពចាស់ជរារបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ។ លោកអ្នកអាចធ្វើការសង្កេត ទៅលើបុគ្គលពីរនាក់ ដែលមានអាយុ ៦០ ឆ្នាំដូចគ្នា ។ បុគ្គលទី១ មើលទៅចាស់ទ្រុធទ្រោម ពិការ និងមិនអាចពឹងខ្លួនឯងបាន ចំនែកបុគ្គលម្នាក់ទៀត បែរជានៅមានកម្លាំងមាំមួន ដូចទើបតែមានអាយុ ៥០ឆ្នាំ ហើយគាត់ អាចធ្វើការបានធម្មតា ដូចគេឯងដូច្នោះដែរ ។
នេះជាការបង្ហាញថា ប្រាកដជាមានមូលហេតុអ្វីម្យ៉ាង ទើបបានធ្វើឲ្យបុគ្គលម្នាក់ៗ ឆាប់ចាស់ដូច្នេះ ។ កត្តាទាំងនោះ មានដូចខាងក្រោម៖
១. លក្ខណៈតំណពូជ
សំដៅលើលក្ខណៈដែលកំណត់ពីឪពុកម្តាយ ហើយផ្ទេរបន្តមកឲ្យកូនចៅ ។ នៅក្នុងគ្រួសារនីមួយៗ អាចមានលក្ខណៈដោយឡែកៗ ដែលមើលទៅចាស់ខ្លាំង ឬចាស់តិចជាងគ្នា ដូចជាពណ៌សក់ ទម្រង់មុខ ស្បែកជាដើម ។ កត្តាទាំងនេះ យើងមិនអាចកែប្រែអ្វីបានឡើយ ព្រោះវាបានកំណត់ តាំងពីកំណើតរួចមកហើយ ។
២. ការទម្លាប់តាំងពីក្មេង និងវ័យជំទង់
ដូចជាការទទួលទានអាហារបានត្រឹមត្រូវ ការហាត់ប្រាណ ឬការប្រើប្រាស់ សារជាតិពុលផ្សេងៗ ដូចជា បារី ស្រា ថ្នាំញៀន ជាដើម តែកត្តាទាំងនេះ អាចកែលម្អ និងផ្លាស់ប្តូរបាន ។
៣. ជំងឺដង្កាត់ផ្សេងៗ
មានចំណែកធ្វើឲ្យអវៈយវៈផ្សេងៗ ចុះអន់ខ្សោយ ជាពិសេសជំងឺរុំារ៉ៃ និងជំងឺជ្រៀតជ្រែកជាច្រើនទៀត ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម ។ ករណីនេះបើយើងដឹង តាំងពីដំបូងថា មានជំងឺនេះ ហើយខិតខំព្យាបាល និងថែរក្សាសុខភាព ឲ្យបានល្អនោះ វាអាចជួយបង្អាក់ភាពចុះខ្សោយ ដែលបម្រុងនឹងកើតឡើងបានខ្លះ ។
ដូច្នេះប្រសិនបើចង់មានជីវិតរស់នៅ ស្រស់បំព្រង នាពេលចូលដល់វ័យជរា លោកអ្នកគួរតែចាប់អារម្មណ៍ ការពារកែលម្អលើកត្រាផ្សេងៗ ដែលបង្កឲ្យរាងកាយ ចុះខ្សោយ ចាប់តាំងពីនៅក្មេង ។ ទោះអ្នកមានអាយុច្រើនក៏ដោយ ការថែរក្សាសុខភាព ឲ្យបានល្អ និងជួយឲ្យសារពាង្គកាយរឹងមាំ មានសមត្ថភាព ដែលជាគោលជំហររឹងមាំ ក្នុងគ្រួសារ ដោយមិនចាំបាច់ដាក់បន្ទុក ដល់អ្នកដទៃ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា