តូក្យូ៖ ប្រទេសជប៉ុនបានបញ្ជាក់ពីករណីដំបូង នៃការឆ្លងពីវីរុសថ្មី នៃប្រទេសចិនដែលបានសម្លាប់មនុស្សម្នាក់ និងជំរុញឲ្យមានការជូនដំណឹង អំពីការធ្វើដំណើរ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រសួងសុខាភិបាលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសម្នាក់ដែលមានអាយុខ្ទង់ ៣០ ឆ្នាំមកពីខេត្ត Kanagawa បានធ្វើតេស្ត៍វិជ្ជមាន។ ប្រភពដដែលបានបន្តទៀតថា បុរសនោះបានទៅទីក្រុង Wuhan ប្រទេសចិន ជាកន្លែងមានការផ្ទុះឡើង នៃជំងឺរលាកសួតដែលត្រូវបានគេជឿថា បណ្តាលមកពីវីរុសថ្មីនេះ ។
ក្រសួងការបរទេសបានចេញសេចក្តីជូនដំណឹង ស្តីពីការជូនដំណឹងអំពីសុខភាព កាលពីថ្ងៃពុធអំពីការធ្វើដំណើរទៅកាន់តំបន់វូហាន។
វាបានយោងការព្រមាននៃការឃ្លាំមើល កម្រិត១ ដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺសហរដ្ឋអាមេរិក ជំរុញឲ្យពលរដ្ឋធ្វើដំណើរ ក្នុងតំបន់ជៀសវាង ការទាក់ទងជាមួយសត្វទីផ្សារសត្វ ឬផលិតផលសត្វក្នុងចំណោមការប្រុងប្រយ័ត្នផ្សេងទៀត ។
អាជ្ញាធរសុខាភិបាលថៃបាននិយាយថា ពួកគេកំពុងបង្កើនការត្រួតពិនិត្យ អ្នកដំណើរដែលមកដល់ព្រលានយន្តហោះ មុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន នៅពេលភ្ញៀវទេសចរចិន ៨០០,០០០ នាក់ត្រូវបានគេរំពឹងថា នឹងមកទស្សនាប្រទេសនេះ ។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វីរុសថ្មីនេះអាចឆ្លងរាលដាលហើយបានព្រមានដល់មន្ទីរពេទ្យទូទាំងពិភពលោក។
វីរុស Coronaviruses គឺជាក្រុមគ្រួសារដ៏ធំមួយនៃវីរុស ដែលអាចបង្កឲ្យមានការបង្ករោគផ្សេងៗ ចាប់ពីជំងឺផ្តាសាយធម្មតា រហូតដល់រោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ។
ប្រភេទវីរុសមួយចំនួនបង្កឲ្យមានជំងឺមិនសូវធ្ងន់ធ្ងរ រីឯខ្លះទៀតដូចជាជំងឺដែលបណ្តាលឲ្យមានរោគសញ្ញាផ្លូវដង្ហើម មជ្ឈិមបូព៌ាមានសភាពធ្ងន់ធ្ងរជាងនេះទៅទៀត ៕ ដោយ៖លី ភីលី