សុខភាព និង ផ្លូវភេទ

មេរោគកូរ៉ូណាវីរុស៖ ពលរដ្ឋអង់គ្លេសទាំង ៣ម៉ឺននាក់ បើអាចគួរតែចាកចេញពីចិន ដើម្បីកាត់បន្ថយហានិភ័យ

BBC៖ ការិយាល័យជនបរទេស របស់ចក្រភពអង់គ្លេសបាននិយាយថា ជនជាតិអង់គ្លេសទាំងអស់ នៅក្នុងប្រទេសចិន គួរតែចាកចេញពីប្រទេសចិន ប្រសិនបើអាច ដើម្បីកាត់បន្ថយហានិភ័យ នៃការប្រឈមនឹងជំងឺឆ្លងរលាកផ្លូវដង្ហើម បង្កឡើងដោយវីរុស កូរ៉ូណាវីរុស។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ចក្រភពអង់គ្លេសនិយាយថា ខ្លួននឹងបញ្ជូនជើងហោះហើរពិសេសមួយផ្សេងទៀត នៅថ្ងៃអាទិត្យ ដើម្បីជម្លៀសជនជាតិអង់គ្លេសនិងគ្រួសាររបស់ពួកគេ ចេញពីទីក្រុង វូហាន ដែលជាកន្លែងផ្ទុះមេរោគផ្លូវដង្ហើមនេះ។

ទន្ទឹមនឹងនេះដែរ មានស្ត្រីជនជាតិបែលហ្ស៊ិកម្នាក់ ដែលកំពុងហោះហើរនាំពលរដ្ឋអង់គ្លេស ត្រឡប់មកវិញកាលពីថ្ងៃអាទិត្យ បានធ្វើតេស្តិ៍រកវីរុសនេះបង្ហាញថា មានផ្ទុកមេរោគ កូរ៉ូណា។

ពលរដ្ឋអង់គ្លេសនិងសមាជិកគ្រួសារចំនួន ១១ នាក់បានធ្វើដំណើរតាមជើងហោះហើររបស់ស្ត្រីខាងលើ ដែលដឹកអ្នកដំណើរពី ៣០ ប្រទេសផ្សេងទៀតទៅកាន់ប្រទេសបារាំង មុនពេលដែលជនជាតិអង់គ្លេស ហោះទៅកាន់មូលដ្ឋានទ័ព RAF Brize Norton ក្នុងទីក្រុង Oxfordshire ។

ក្នុងចំណោមនោះ ១០នាក់ បានបន្តទៅមន្ទីរពេទ្យ Arrowe Park នៅលើ Wirral សម្រាប់រយៈពេល ១៤ ថ្ងៃ ដោយនៅដាច់ដោយឡែកពីគេ ខណៈពេលដែលបុរសឈ្មោះ Anthony May-Smith ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Oxford ដើម្បីធ្វើតេស្តរកមើលមេរោគដែលអាចកើតមាន។

យ៉ាងហោចណាស់មានមនុស្សចំនួន ៤៩០ នាក់បានស្លាប់បន្ទាប់ពីឆ្លងវីរុសហើយមានករណីឆ្លងជាង ២ ម៉ឺនករណីដែលត្រូវបានបញ្ជាក់ថាភាគច្រើន នៅក្នុងប្រទេសចិន។

រដ្ឋមន្រ្តីការបរទេសអង់គ្លេសបាននិយាយថា មានជនជាតិអង់គ្លេសប្រមាណ ៣ ម៉ឺននាក់នៅក្នុងប្រទេសចិន។ការិយាល័យការបរទេសបាននិយាយថា ខ្លួនបានបន្តធ្វើការជម្លៀសប្រជាជនអង់គ្លេស ចេញពីខេត្តហ៊ូប៉ីដែលជាកន្លែងដែលមានការផ្ទុះឡើង៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top