បរទេស៖ មេរោគប្រភេទថ្មី – 2019-nCoV ត្រូវបានគេរកឃើញដំបូងគេនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តហ៊ូប៉ី កាលពីខែធ្នូ។ យោងតាមសារព័ត៌មាន New York Times ថា ពលរដ្ឋអាមេរិកម្នាក់បានស្លាប់ នៅក្នុងទីក្រុងវូហាន នៅក្នុងអ្វីដែលមើលឃើញថា ជាការស្លាប់ដំបូងរបស់ជនជាតិអាមេរិកដោយសារការផ្ទុះឡើងវីរុសនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យស្ថានទូតថា « យើងសូមចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារ ចំពោះការបាត់បង់របស់ពួកគេ ។ ដោយគោរពសិទ្ធិឯកជនរបស់គ្រួសារយើង មិនមានយោបល់អ្វីបន្ថែមទៀតទេ” ។
យោងតាមរបាយការណ៍ គឺថា ជនជាតិអាមេរិកនោះមានអាយុប្រហែល ៦០ ឆ្នាំ គាត់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍។
មេរោគរលាកសួតប្រភេទថ្មី – 2019-nCoV ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហានរបស់ប្រទេសចិន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តហ៊ូប៉ីកាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក មេរោគនេះបានរាលដាលដល់ជាង ២៥ ប្រទេស។
នៅចិនដីគោកវីរុសនេះបានធ្វើឱ្យមនុស្ស ៧២២ នាក់ស្លាប់ និងជាង ៣៤.០០០ នាក់ បានឆ្លងជំងឺ។ កាលពីសប្តាហ៍មុនអង្គការសុខភាពពិភពលោកបានប្រកាស អំពីភាពអាសន្នផ្នែកសុខភាពជាសកល ដោយសារការផ្ទុះឡើងនៃជំងឺនេះផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

