សុខភាព និង ផ្លូវភេទ

គួរអាន! ហេតុអ្វី ទើបការឡើង ជណ្ដើរល្អ ចំពោះសុខភាព?

ភាគច្រើន នៃពួកយើងប្រហែល ជាមិនធ្លាប់ដឹងទេថា ការឡើងជណ្ដើរ អាចផ្ដល់អត្ថប្រយោជន៍ គួរឱ្យកត់សម្គាល់ ចំពោះសុខភាព ។ (អាន ៖ ស្បែកកូន របស់អ្នកនឹងស្អាតហើយ មិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើការឡើងជណ្ដើរ អាចផ្ដល់ផលល្អអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុ ដែលអ្នកគួរឧស្សាហ៍ឡើងជណ្ដើរ ៖

១. វាជួយពង្រឹងសុខភាពឆ្អឹង

ការឡើងជណ្ដើរអាចចាត់ទុក ជាទម្រង់ នៃលំហាត់ប្រាណមួយ បែបហៅថា (weight-bearing exercise) ដែលទ្រ ឬទប់ទម្ងន់ខ្លួន។ នេះមានន័យថា ការឡើងជណ្ដើរពិតជាអាចជួយពង្រឹង សុខភាពឆ្អឹងកាត់បន្ថយហានិភ័យ នៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ។ ការឡើងជណ្ដើរក៏ជាលំហាត់ប្រាណដ៏ល្អបំផុតមួយដើម្បីរក្សាសុខភាពសន្លាក់ផងដែរ។

២. វាធ្វើឱ្យអ្នកមិនឆាប់ហត់

អ្នកប្រាកដជាមានអារម្មណ៍ហត់មួយ រំពេចក្រោយពីឡើងជណ្ដើរមិនទាន់បានប៉ុន្មាន កាំផងប្រសិនបើមិនឧស្សាហ៍ដើរឡើងទេនោះ។ ប៉ុន្តែនៅពេលឡើងជាញឹកញាប់ ឬជាប្រចាំអ្នកនឹងមិនងាយ ហត់ដូចមុនទៀតឡើយ។ អត្ថប្រយោជន៍នេះក៏ល្អសម្រាប់អ្នក ក្នុងការការធ្វើសកម្មភាពរាងកាយផ្សេងទៀត ដោយមិនងាយអស់កម្លាំងផងដែរ។

៣. វាធ្វើឱ្យជើងរបស់អ្នកមើលទៅស្រស់ស្អាត

ការឡើងជណ្ដើរជាទម្រង់ នៃលំហាត់ប្រាណដ៏ប្រសើរបំផុត មួយសម្រាប់ជើងរបស់អ្នក។ ដូច្នេះដើម្បីជាការប្រសើរចូរបង្កើតទម្លាប់ ដើរឡើងជណ្ដើរជាប្រចាំ។

៤. វាល្អសម្រាប់សុខភាពសាច់ដុំ

ការឡើងជណ្ដើរ មិនត្រឹមតែប្រសើរសម្រាប់ តែសាច់ដុំជើងប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សាច់ដុំគូទ សាច់ដុំដៃ និងថែមជួយបង្រួមចង្កេះទៀតផង។

៥. វាជួយឱ្យអ្នកស្រកទម្ងន់ដែលលើស

ប្រសិនបើអ្នកចង់ស្រកទម្ងន់ បានកាន់តែប្រសើរ ចូរព្យាយាមដើរឡើង ជណ្ដើរជើងជំនួសជណ្ដើរយន្ត។ ការឡើងជណ្ដើរអាចជួយដុត បំផ្លាញកាឡូរីបន្ថែមនិង ធ្វើឱ្យអ្នកស្រកទម្ងន់គួរឱ្យកត់សម្គាល់។

៦. វាជួយគ្រប់គ្រងសម្ពាធឈាម

ការធ្វើលំហាត់ប្រាណទៀង ទាត់ជាប្រចាំ គឺចាំបាច់ណាស់ដើម្បីរក្សា បាននូវសុខភាពរាងកាយ ទាំងមូលល្អប្រសើរ ក៏ដូចជាទប់ស្កាត់បាននូវបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ហើយការមិនធ្វើលំហាត់ប្រាណ សោះនឹងបង្កផលប៉ះពាល់ដល់មុខងាររបស់បេះដូងក្នុងការច្របាច់ឈាម ទៅសព្វរាងកាយដែលនាំឱ្យ កើតមានបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺលើសឈាម។ នេះមិនមែនមានន័យថា អ្នកចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយ ត្រឹមតែការដើរ ឬឡើងជណ្ដើរក៏ជាលំហាត់ប្រាណល្អ ប្រសើរដើម្បីទប់ស្កាត់ជំងឺលើសឈាមដែរ ៕
ប្រភព ៖ Health

Most Popular

To Top