សុខភាព និង ផ្លូវភេទ

មិនបាច់លេបវីតាមីន ចម្រុះទេ! អាហារទាំងនេះ សម្បូរសារធាតុ ចិញ្ចឹមច្រើនជាង

រាងកាយត្រូវការវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមសំខាន់ៗ ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំ អាចប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ។
ទោះជាយ៉ាងណាអ្នកមិន ចាំបាច់ពឹងផ្អែកលើថ្នាំគ្រាប់វីតាមីនចម្រុះ ដើម្បីផ្ដល់ឱ្យរាងកាយនូវសារធាតុ ចិញ្ចឹមគ្រប់គ្រាន់ឡើយ ខណៈដែលអាហារមួយចំនួន មានផ្ទុកសារធាតុចិញ្ចឹមច្រើនជាងផង ។ ខាងក្រោមវេបសាយសុខភាព នឹងបង្ហាញឱ្យដឹងពីអាហារ ដែលអ្នកគួរព្យាយាមរួមបញ្ចូល ក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដោយមិនបាច់លេបថ្នាំ ៖

១. សារាយសមុទ្រ

កង្វះជាតិអ៊ីយ៉ូដជះឥទ្ធិពល ដល់មនុស្សជាច្រើននៅជុំវិញពិភពលោក ។ មនុស្សពេញវ័យដែលមានកម្រិតជាតិអ៊ីយ៉ូដ ទាបប្រឈមមុខខ្ពស់ នឹងហានិភ័យនៃបញ្ហាក្រពេញទីរ៉ូអ៊ីត។ រីឯស្ត្រីមានផ្ទៃពោះ ដែលមានកម្រិតជាតិអ៊ីយ៉ូដទាបវិញ អាចប្រឈមមុខនឹងបញ្ហាមិនប្រក្រតី ចំពោះទារកក្នុងផ្ទៃ។ វិធីដ៏ប្រសើរបំផុតមួយដើម្បីបង្កើន កម្រិតអ៊ីយ៉ូដក្នុងរាងកាយ គឺតាមរយៈការទទួលទានសារាយសមុទ្រ ។ ទោះជាយ៉ាងណាអ្នកមិនត្រូវទទួល ទានច្រើនពេកឡើយ។

២. បន្លែបៃតង

ជាប្រភពដ៏ប្រសើរបំផុតមួយ នៃសារធាតុចិញ្ចឹម វីតាមីន ជាតិរ៉ែ ជាតិសសៃ និង សារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះកុំភ្លេចបង្កើនការទទួលទានបន្លែបៃតង ដើម្បីឱ្យរាងកាយទទួលបានសារ ធាតុចិញ្ចឹមគ្រប់គ្រាន់។

៣. ថ្លើមសត្វ

មានផ្ទុកសម្បូរទៅដោយវីតាមីន A សារធាតុ folate វីតាមីន B12 ជាតិដែក និងទង់ដែង។ វីតាមីន B12 ក្នុងថ្លើម គឺជាវីតាមីនសំខាន់បំផុតមួយ ដែលមនុស្សភាគច្រើនខ្វះក្នុងប្រព័ន្ធរាងកាយ ។ វីតាមីននេះដើរតួនាទីចាំបាច់ក្នុងខួរក្បាល ប្រព័ន្ធសសៃប្រសាទ និងសុខភាពកោសិកា។ អ្នកគួរទទួលទានថ្លើមសត្វ ២ ដងក្នុងមួយសប្តាហ៍ជាប្រចាំ ដើម្បីបង្កើនកម្រិតនៃសារធាតុចិញ្ចឹមដោយសុវត្ថិភាព។

៤. ត្រីសម្បូរខ្លាញ់

ការរួមបញ្ចូលត្រីសម្បូរខ្លាញ់ គឺចាំបាច់ណាស់ដោយអាហារនេះ មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយរក្សាសុខភាពបេះដូង។ ក្រៅពីអាស៊ីតខ្លាញ់សុខភាពល្អ ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ផ្សេងទៀតផងដែរ។

៥. ម្ទេសផ្លោកពណ៌លឿង

ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្វះវីតាមីន C ចូរព្យាយាមរួមបញ្ចូលម្ទេសផ្លោក ពណ៌លឿងក្នុងរបបអាហារប្រចាំថ្ងៃ។ វីតាមីននេះចាំបាច់ណាស់ក្នុងការរក្សា សុខភាពរាងកាយដោយវាជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ បើប្រៀបធៀបនឹងក្រូច ម្ទេសផ្លោកពណ៌លឿងមានផ្ទុកវីតាមីន C ច្រើនជាង៕

ដោយ ៖ health

Most Popular

To Top