កំពង់ស្ពឺៈ ការដោះស្រាយផលប៉ះពាល់នានា នៅតាមបណ្តោយផ្លូវគម្រោង សាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ សម្រាប់តែខេត្តកំពង់ស្ពឺ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានសម្រេចបាន ជិត១០០ភាគរយហើយ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ឲ្យដឹង នៅត្រឹមព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ជាលទ្ធផល នៃការដោះស្រាយផលប៉ះពាល់នានា នៅតាមបណ្តោយគម្រោងផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ដែលឆ្លងកាត់ខេត្តកំពង់ស្ពឺ ត្រូវបានសម្រេចជិត១០០ភាគរយហើយ ពោលគឺនៅសល់ត្រឹមប៉ុន្មាន គ្រួសារតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា “ចំនួនប្រជាពលរដ្ឋ ដែលប៉ះពាល់ជាមួយ គម្រោងស្ថាបនាផ្លូវល្បឿនលឿននេះ មានប្រមានជាង៣០០០គ្រួសារ ប៉ុន្តែយើងបានធ្វើការដោះស្រាយបានស្ទើរតែ១០០ភាគរយហើយ នៅសល់តែប្រជាពលរដ្ឋមួយចំនួនតូច ដែលស្ថិតនៅក្នុងភូមិពានទុង ហើយបើតាមគម្រោង ដែលបានលើកឡើង កាលពីចុងខែកន្លងទៅនោះ នឹងត្រូវប្រជុំជាមួយពួកគាត់នៅថ្ងៃទី៤ ស្អែកនេះ ប៉ុន្តែឥឡូវត្រូវបានពន្យាបន្តិច” ។
លោកវ៉ី សំណាងបានបញ្ជាក់ថា តាមកាលកំណត់ ត្រូវជួបជាមួយពួកគាត់នៅថ្ងៃស្អែកនេះ ប៉ុន្តែដោយសារតែត្រូវចូលរួមប្រជុំគណៈរដ្ឋមន្ត្រី តាមរយៈវីដេអូជាមួយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ស្អែកនេះ ក៏ត្រូវពន្យាពេលជួបជាមួយពួកគាត់ រហូតដល់ថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះវិញ។
សម្រាប់ការដោះស្រាយលើផលប៉ះពាល់ លើគម្រោងមួយនេះ ហាក់មិនមានផលលំបាកនោះទេ ដោយសារតែបងប្អូនប្រជាពលរដ្ឋភាគច្រើនបានយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងមកនេះ ក្រោមអធិបតីភាព សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា គម្រោងនេះ គឺជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះ ឆ្លងកាត់រាជធានីភ្នំពេញប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុមានប្រវែង ៨៩,៨៩គីឡូម៉ែត្រ។ ការស្ថាបនាផ្លូវនេះ គ្រោងចំណាយថវិកាសរុបប្រមាណ២,០០០លានដុល្លារអាម៉េរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ។
គម្រោងនេះ ត្រូវបានផ្តល់ការប្រឹក្សាបច្ចេកទេសសាង សង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣ ៕
ដោយ ៖ propertyarea