គ្រាប់ពូជមួយចំនួនអាចផ្ដល់ អត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព។ ថាតើគ្រាប់ពូជទាំងនោះមានអ្វីខ្លះ? ខាងក្រោមជាមូលហេតុដែល អ្នកគួររួមបញ្ចូលគ្រាប់ពូជមួយចំនួន ក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. គ្រាប់ជី
ជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ កាល់ស្យូម ជាតិសសៃ និង phosphorus ដែលល្អណាស់សម្រាប់រក្សាសុខភាពរាងកាយ ពិសេសជួយសម្រួលដល់ការរំលាយអាហារ ព្រមទាំងកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូង។ គ្រាប់ជីក៏មានផ្ទុកសម្បូរ ទៅដោយជាតិខ្លាញ់ល្អ Unsaturated ជាតិសសៃ និងប្រូតេអ៊ីនដែលជួយ គ្រប់គ្រងកម្រិតនៃជាតិស្ករ ក្នុងឈាមកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមផងដែរ។
២. គ្រាប់ទទឹម
មានផ្ទុកកាឡូរីទាបដែលល្អណាស់ សម្រាប់អ្នកចង់ស្រកទម្ងន់។ លើសពីនេះទៅទៀតគ្រាប់ទទឹមមានផ្ទុកសម្បូរទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្មនិងវីតាមីន C ដែលជួយកម្ចាត់រ៉ាឌីកាល់សេរី ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងជម្រុញការដុតរំលាយអាហារ។
៣. គ្រាប់ផ្កាឈូករ័ត្ន
ជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលជួយការពារកោសិកា មិនឱ្យទទួលរងការបំផ្លាញ ពីសំណាក់រ៉ាឌីកាល់សេរី។ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក ដែលកាត់បន្ថយការហើម ឬការរលាកណាមួយក្នុងរាងកាយ ហើយថែមទាំងពន្លឿនការជាសះស្បើយ និងការជួសជុលស្បែកឡើងវិញផងដែរ។ គ្រាប់ផ្កាឈូករ័ត្នក៏មានផ្ទុកសម្បូរ ទៅដោយម៉ាញ៉េស្យូម ដែលជួយគ្រប់គ្រងសម្ពាធឈាមនិងពង្រឹងសុខភាព ឆ្អឹងគួរឱ្យកត់សម្គាល់។
៤. គ្រាប់ល្ពៅ
គ្រាប់ល្ពៅមានផ្ទុកជាតិដែកខ្ពស់ ដែលជួយរក្សាស្ថេរភាពនៃ កម្រិតថាមពលក្នុងរាងកាយបានពេញមួយថ្ងៃ។ គ្រាប់ពូជនេះក៏មានលក្ខណៈសម្បត្តិ ប្រឆាំងការរលាកដែលមាន ប្រសិទ្ធិភាពដូចទៅនឹងថ្នាំបំបាត់ការឈឺចាប់ ឬការរលាក Indomethacin។ ថ្នាំ Indomethacin ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលជំងឺរលាកសន្លាក់ ដោយគ្មានផលប៉ះពាល់។ គ្រាប់ល្ពៅ ក៏ជាប្រភពដ៏ប្រសើរនៃជាតិស័ង្កសីដែលដើរតួនាទី យ៉ាងចាំបាច់ក្នុងមុខងារ ប្រព័ន្ធភាពស៊ាំរាងកាយ។ លើសពីនេះទៅទៀតនោះ គ្រាប់ល្ពៅក៏មានផ្ទុកសម្បូរ ទៅដោយសារធាតុប្រឆាំង អុកស៊ីតកម្មផ្សេងៗដែលជួយទប់ស្តាត់មិនឱ្យមានការបំផ្លាញ កោសិកាល្អពីរ៉ាឌីកាល់សេរី ដូច្នេះកោសិកាមហារីក ឬកោសិកាមិនប្រក្រតី មិនអាចរីកលូតលាស់បានឡើយ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម phytonutrients ដែលបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ និងសម្រួលលំហូរឈាម។ វាក៏ជាប្រភពនៃវីតាមីន E និងអាស៊ីត phenolic acids ដូចជា caffeic, hydroxybenzoic, coumaric, sinapic, ferulic, protocatechuic, vanillic និង syringic acid ដែលសុទ្ធសឹងតែជាសមាសធាតុល្អសម្រាប់សុខភាពរាងកាយ ទប់ស្កាត់បញ្ហាជំងឺផ្សេងៗ។
៥. គ្រាប់ឪឡឹក
មានផ្ទុកសម្បូរទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុចិញ្ចឹម វីតាមីននិងជាតិរ៉ែចាំបាច់ជាច្រើនដែលល្អណាស់ ចំពោះសុខភាព ហើយជួយពង្រឹងប្រព័ន្ធ ភាពស៊ាំរាងកាយថែមទៀត៕
ប្រភព៖ Health