សុខភាព និង ផ្លូវភេទ

ជួយចែករំលែក! កំពូលអាហារល្អ និងអាក្រក់បំផុត សម្រាប់អ្នកជំងឺទឹកនោម ផ្អែមមានអ្វីខ្លះ?

របបអាហារសុខភាពល្អ គឺចាំបាច់ណាស់សម្រាប់គ្រប់គ្នា ។ ប៉ុន្តែវាកាន់តែសំខាន់ថែមមួយកម្រិតទៀត ចំពោះអ្នកជំងឺទឹកនោមផ្អែម។ របបអាហារល្អមួយ អាចជួយគ្រប់គ្រង ទម្ងន់និងជាតិស្ករ បានយ៉ាងប្រសើរ ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ដែលល្អ និងអាក្រក់បំផុត សម្រាប់អ្នកជំងឺទឹកនោមផ្អែម ៖

អាហារដែលអ្នកជំងឺទឹកនោមផ្អែម គួររួមបញ្ចូល ក្នុងរបបអាហារប្រចាំថ្ងៃ
១. ទំពាំងបារាំង

មានផ្ទុកសម្បូរ ទៅដោយសារធាតុប្រឆាំង អុកស៊ីតកម្មហៅថា glutathione ដែលដើរតួនាទីសំខាន់មួយ ក្នុងការបន្ថយផលប៉ះពាល់ នៃជំងឺជាច្រើនរួមបញ្ចូល ទាំងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក។

២. អាហារមានផ្ទុកសម្បូរ ដោយជាតិសសៃ

ជាតិសសៃ គឺសំខាន់បំផុតសម្រាប់ អ្នកជំងឺទឹកនោមផ្អែម ។ វាជួយពន្យឺតបរិមាណ នៃជាតិស្ករដែលត្រូវបញ្ចេញទៅក្នុងឈាម ដែលរក្សាកម្រិត នៃជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។

៣. ត្រី

ជាប្រភពដ៏ប្រសើរ នៃប្រូតេអ៊ីនគ្មានខ្លាញ់ និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធភាព ជួយកាត់បន្ថយភាពធន់ នឹងអាំងស៊ុយលីន ចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុងប្រឈមមុខ នឹងហានិភ័យនៃជំងឺនេះ។

៤. បាយអង្ករសម្រូប

ជាតិសសៃក្នុងបាយអង្ករ សម្រូបជួយពន្យឺតនិងគ្រប់គ្រង ការបញ្ចេញជាតិស្ករក្នុងឈាម។ ម្យ៉ាងវិញទៀតជាតិម៉ាញ៉េស្យូមខ្ពស់ នៃបាយអង្ករសម្រូប ក៏ជួយគ្រប់គ្រងជាតិស្ករ ក្នុងឈាមដោយធ្វើឱ្យភាពធន់ នឹងអាំងស៊ុយលីនកាន់តែ ប្រសើរឡើងផងដែរ។

៥. បន្លែប្រភេទ cruciferous

រួមមានផ្កាខាត់ណាខៀវ ផ្កាខាត់ណា ស្ពៃក្ដោប និងពន្លកផ្កាស្ពៃ ជាដើមក្រៅពីមានផ្ទុកសមាសធាតុ sulfur ឬ glucosinolates ខ្ពស់ដែលអាចទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺមហារីក កាត់បន្ថយហានិភ័យនៃជំងឺបេះដូងហើយនោះ ក៏ជាប្រភពដ៏ប្រសើរ នៃជាតិសសៃ វីតាមីន A វីតាមីន C និងប៉ូតាស្យូម ដែលជួយគ្រប់គ្រងកម្រិត នៃជាតិស្ករក្នុងឈាមកាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទទី ២ គួរឱ្យកត់សម្គាល់។

៦. ផ្នែកពណ៌សនៃស៊ុត

ផ្នែកពណ៌ស នៃស៊ុតជាជម្រើស នៃអាហារដ៏ប្រសើរ សម្រាប់គ្រប់គ្រង ឬទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយវាមានផ្ទុកសម្បូរ ទៅដោយប្រូតេអ៊ីនគ្មានខ្លាញ់ គុណភាពខ្ពស់និងកាបូអ៊ីដ្រាតទាប។

៧. តែបៃតង

តែបៃតងមានផ្ទុកសម្បូរ ទៅដោយសារធាតុ catechins, polysaccharides និង epigallocatechin gallete ដែលជួយ បញ្ចុះ ក៏ដូចជាគ្រប់គ្រងការស្រូបយកនូវ ជាតិស្ករ ក្នុងឈាមបានយ៉ាងប្រសើរ ។ ដូច្នេះហើយទើបការទទួលទានតែបៃតង ជាប្រចាំអាចកាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទទី ២ បានដល់ទៅ ៤២ភាគរយ។

៨. ផ្លែប៉ោម

មា​នផ្ទុកជាតិស្ករទាប ដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ លើកម្រិតនៃជាតិស្ករក្នុងឈាម ។ លើសពីនេះទៅទៀត ប៉ោមក៏ជាប្រភពដ៏ប្រសើរ នៃជាតិសសៃ, វីតាមីន C រួមទាំងសារធាតុ polyphenols ដែលជួយពន្យឺតការរំលាយ និងស្រូបយកជាតិស្ករផងដែរ ។ ដូច្នេះកម្រិត នៃជាតិស្ករក្នុងឈាម មិនអាចឡើងខ្ពស់ គួរឱ្យព្រួយបារម្ភឡើយ ។ កុំចិតសំបកប៉ោមចេញ គ្រាន់តែលាងឱ្យស្អាតទៅបានហើយ ក៏ព្រោះសំបកជាផ្នែកដែលមានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ ច្រើន​បំផុត។

៩. ផ្លែស្រកានាគ

ជាជម្រើសល្អមួយ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណ នៃជាតិសសៃខ្ពស់ ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិ ស្ករក្នុងឈាម។ សន្ទស្សន៍គ្លីសេមិចទាប គឺជាចំណុចដ៏អស្ចារ្យមួយទៀតនៃផ្លែស្រកានាគ ដើម្បីគ្រប់គ្រង ជំងឺទឹកនោមផ្អែម។

១០. ក្រូច

មានផ្ទុកសម្បូរទៅ ដោយសារធាតុ flavanones, flavonols និងអាស៊ីត phenolic ដ៏មានឥទ្ធិពលជួយក្នុងការទប់ស្កាត់កម្រិតជាតិស្ករ ក្នុងឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ក្រូចមិនត្រឹមតែពន្យឺត ការរំលាយជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងការដឹកជញ្ជូនគ្លុយកូសតាមរយៈថ្លើម និងពោះវៀនផងដែរ។

១១. យ៉ាអួរ

ជាពិសេសយ៉ាអួរគ្មានផ្ទុកជាតិខ្លាញ់ និងជាតិស្ករបន្ថែម គឺជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន និងកាបូអ៊ីដ្រាតគុណភាពខ្ពស់។ វាជួយទប់ស្កាត់ការកើនឡើងនូវកម្រិតជាតិស្ករក្នុងឈាម។ អាហារនេះក៏មានផ្ទុកជាតិកាល់ស្យូម ដែលជួយកាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ។

១២. បន្លែបៃតង

បន្លែបៃតងជាជម្រើស នៃអាហារដ៏ល្អបំផុតមួយ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកកំពុងប្រឈមមុខ នឹងហានិភ័យនៃជំងឺនេះ! នោះក៏ព្រោះតែបន្លែបៃតងមានផ្ទុកសម្បូរ ទៅដោយជាតិសសៃ ដែលជួយកំណត់កម្រិតនៃជាតិស្ករ ដែលបញ្ចេញទៅក្នុងចរន្តឈាម។ ដូច្នេះវាមានន័យថា ការទទួលទានបន្លែបៃតង ជួយទប់ស្កាត់បញ្ហាកម្រិតជាតិស្ករ ក្នុងឈាមឡើងខ្ពស់ខុសប្រក្រតី។

អាហារដែលអ្នកជំងឺនោមផ្អែម ឬអ្នកកំពុងប្រឈមមុខនឹងហានិភ័យ នៃជំងឺនេះគួរចៀសវាង
១. អាហារមានផ្ទុកសម្បូរ ទៅដោយកាបូអ៊ីដ្រាត

ការកាត់បន្ថយការទទួលទានអាហារ សម្បូរដោយកាបូអ៊ីដ្រាតជាគន្លឹះចម្បងមួយ ដែលអ្នកគួរអនុវត្ត ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។ បរិមាណនៃកាបូអ៊ីដ្រាតច្រើនពេកធ្វើ ឱ្យកោសិកាធន់នឹងអាំងស៊ុយលីន បង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណាមិនមែនមានន័យថា អ្នកត្រូវឈប់ទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាត តែម្ដងឡើយក៏ព្រោះរាងកាយនូវត្រូវការវា! អ្វីដែលសំខាន់ គឺត្រូវកាត់បន្ថយការទទួលទាន។

២. អាហារចៀនបំពង

អាហារចៀន ឬបំពងភាគច្រើន គឺមានផ្ទុកជាតិខ្លាញ់មិនល្អ ។ ដូច្នេះដើម្បីជាការប្រសើរចូរជ្រើសរើសវិធី ចម្អិនផ្សេងទៀតដូចជាស្ងោ អាំង ឬចំហុយជំនួសវិញ។ ប្រសិនបើអ្នកឈប់ ទទួលទានអាហារចៀន ឬបំពងមិនបានចូរជ្រើសរើសប្រើប្រាស់ខ្លាញ់ ល្អដូចជាប្រេងអូលីវ។

៣. ភេសជ្ជៈគ្មានជាតិស្ករ ឬផ្ទុកជាតិផ្អែមសិប្បនិម្មិត

ប្រសិនបើអ្នកគិតថា ភេសជ្ជៈគ្មានជាតិស្ករ ដែលផ្ទុកជាតិផ្អែមសិប្បនិម្មិត មិនអាចជះឥទ្ធិពល អ្វីលើកម្រិតនៃជាតិស្ករក្នុងឈាមនោះចូរគិតម្ដងទៀត! តាមពិតទៅជាតិផ្អែមសិប្បនិម្មិត អាចបង្កើនកម្រិត នៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់ ។ នោះក៏ព្រោះតែជាតិផ្អែមសិប្បនិម្មិត ជះឥទ្ធិពលលើសុខភាពពោះវៀន ដែលនឹងបង្កផលប៉ះពាល់ ដល់កម្រិតនៃជាតិស្ករក្នុងឈាម ។

៤. បាយស

បាយសធ្វើឳ្យជាតិស្ករ ក្នុងឈាមឡើងខ្ពស់ឆាប់រហ័ស ដោយសារវាមានផ្ទុកជាតិ
សសៃតិច ប៉ុន្តែជាតិកាបូអ៊ីដ្រាត ដែលរាងកាយបំលែងទៅជាជាតិស្ករខ្ពស់ ។ដូច្នេះដើម្បីជាការប្រសើរអ្នកគួរកាត់បន្ថយ បាយស ហើយព្យាយាមទទួលទានបាយអង្ករសម្រូប ជំនួសវិញ ក៏ព្រោះវាមានផ្ទុកជាតិសសៃខ្ពស់ ។ ជាតិសសៃអាចជួយគ្រប់គ្រងកម្រិត នៃជាតិស្ករក្នុងឈាម ឳ្យមានស្ថេរភាព។

៥. ផ្លែឈើក្រៀម ឬដំណាំផ្លែឈើ

ពិតណាស់ផ្លែឈើ គឺល្អសម្រាប់សុខភាពដោយវាមានផ្ទុកសម្បូរ ទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសសៃ​ វីតាមីន និងជាតិរ៉ែសំខាន់ៗ។ ទោះជាយ៉ាងណាអ្នក ដែលកំពុងប្រឈមមុខនឹងបញ្ហាជាតិ ស្ករខ្ពស់ក្នុងឈាម ព្រមទាំងអ្នកជំងឺទឹកនោមផ្អែមគួរកម្រិតបរិមាណ នៃការទទួលទានផ្លែឈើ ក៏ព្រោះផ្លែឈើមួយចំនួនធំមានផ្ទុកជាតិស្ករខ្ពស់ ពិសេស គឺផ្លែឈើក្រៀម ឬដំណាំផ្លែឈើតែម្ដង ។

៦. អាហារកញ្ចប់

អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬអ្នកដែលមិនចង់កើតជំងឺនេះ គួរជៀសឱ្យផុតពីការទទួលទានអាហារកញ្ចប់។ អាហារប្រភេទនេះមិនត្រឹមតែធ្វើឱ្យអ្នកពិបាក ក្នុងការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ូលអាក្រក់ ហើយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អ ក្នុងឈាមបង្កទៅជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ ។ លើសពីនេះទៅទៀតការទទួល ទានអាហារកញ្ចប់ច្រើន ក៏បង្កការរលាកផ្សេងៗ ក្នុងរាងកាយដែលអាចនាំឲ្យកើតមាន ជំងឺទឹកនោមផ្អែម ៕

ដោយ ៖ health

Most Popular

To Top