ខួរក្បាលជាសរីរាង្គ សំខាន់ណាស់ ក្នុងរាងកាយដែលផ្សារភ្ជាប់ សសៃប្រសាទរាប់លាន ជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទាន អាហារត្រឹមត្រូវនោះ អ្នកអាចបង្កើន ការចងចាំរបស់ខ្លួនឯង បានប្រកបដោយប្រសិទ្ធិភាព ។ នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹងវានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយ គួរឱ្យព្រួយបារម្ភ ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារ ឬភេសជ្ជៈដែលជួយជម្រុញថាមពលខួរក្បាល ជាប្រចាំនោះអ្នកអាចកាត់បន្ថយ សារធាតុគីមីគ្រោះថ្នាក់ និងពង្រឹងប្រព័ន្ធភាព ស៊ាំរាងកាយ ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ដែលជួយរក្សា ក៏ដូចជាបង្កើនថាមពលខួរក្បាល ជម្រុញការចងចាំ ៖
១. ត្រីសម្បូរខ្លាញ់
រួមមានត្រីសាលម៉ុន ត្រីសាឌីន និងត្រីធូណាជាដើមសុទ្ធ តែជាប្រភពដ៏ប្រសើរ នៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ដែលចាំបាច់ណាស់សម្រាប់បង្កើន សុខភាពខួរក្បាល ។ ជាតិខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសសៃប្រសាទផងដែរ។
២. គ្រាប់ធញ្ញជាតិវ៉ាល់ណឺត (Walnuts)
ការទទួលទានអាហារ សម្រន់ដូចជាគ្រាប់ Walnut អាចជួយបង្កើន សមត្ថភាពខួរក្បាលក្នុងការរក្សា ទុកព័ត៌មានផ្សេងៗ ខណៈដែលគ្រាប់ធញ្ញជាតិនេះ មានផ្ទុកសម្បូរទៅដោយអាស៊ៅតខ្លាញ់អូមេហ្កា ៣ ។ គ្រាប់វ៉ាល់ណឺត ក៏ជាប្រភពដ៏ល្អបំផុតមួយ នៃវីតាមីន E ដែលជួយការពារកោសិកាខួរក្បាល មិនឱ្យទទួលរងការបំផ្លាញពីសំណាក់ រ៉ាឌីកាល់សេរីផងដែរ។
៣. គ្រាប់អាល់ម៉ុន
ក៏ដូចនឹងគ្រាប់វ៉ាល់ណឺតដែរ គ្រាប់អាល់ម៉ុនផ្ដល់ឱ្យរាងកាយ នូវអាស៊ីតខ្លាញ់ល្អ ALA ។ គ្រាប់ធញ្ញជាតិនេះ ក៏មានផ្ទុកវីតាមីន E ព្រមតាំងវីតាមីន B6 ដែលចាំបាច់សម្រាប់ប្រព័ន្ធសសៃ ប្រសាទ ដើម្បីដំណើរការមុខងារបានត្រឹមត្រូវ និងប្រយុទ្ធប្រឆាំងរ៉ាឌីកាល់ សេរីផងដែរ។
៤. គ្រាប់ល្ពៅ
ជាប្រភពដ៏ប្រសើរមួយទៀត នៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលចាំបាច់សម្រាប់សុខភាព ខួរក្បាលនិងថាមពលរាងកាយ។ គ្រាប់ល្ពៅក៏មានផ្ទុកជាតិស័ង្កសី ដែលជួយបង្កើនការចងចាំឱ្យកាន់ តែមានលក្ខណៈប្រសើរឡើងទៀតផង ។
៥. ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរ ទៅដោយវីតាមីន E និងខ្លាញ់ល្អ monounsaturated fat ដែលចាំបាច់សម្រាប់រក្សា សុខភាពខួរក្បាលល្អប្រសើរ។ ការទទួលទានផ្លែបឺរក៏ល្អសម្រាប់ជម្រុញ ចរន្តឈាមដើម្បីបង្កើនការដឹកជញ្ជូន សារធាតុចិញ្ចឹមនិងអុកស៊ីសែន គ្រប់គ្រាន់ទៅកាន់ខួរក្បាល។
៦. ប៊្លូបឺរី
ជាប្រភពដ៏ប្រសើរ នៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់រក្សា សុខភាពខួរក្បាលបង្កើនការចងចាំ។
៧. សូកូឡាខ្មៅ
សារធាតុប្រឆាំងអុកស៊ីតកម្ម ក្នុងសូកូឡាខ្មៅជួយកម្ចាត់រ៉ាឌីកាល់ សេរីសង្គ្រោះកោសិកាខួរក្បាល មិនឱ្យទទួលរងការបំផ្លាញ។
៨. ខ្ទឹមបារាំង
កុំភ្លេចរួមបញ្ចូលខ្ទឹមបារាំង ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ប្រសិនបើចង់បង្កើនការចងចាំ ។ សារធាតុ Anthocyanin និង quercetin ក្នុងខ្ទឹមបារាំង គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារខួរក្បាល មិនឱ្យទទួលរងការបំផ្លាញ។
៩. ផ្លែប៉ោម
ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ quercetin ដែលជួយការពារខួរក្បាល។
១០. មើមឆៃថាវក្រហម
បរិមាណជាតិដែកក្នុងមើមឆៃថាវ ក្រហមចាំបាច់ក្នុងការរក្សាកម្រិត នៃអេម៉ូក្លូប៊ីន ដែលបង្កើនការនាំយកអុកស៊ីត គ្រប់គ្រាន់ទៅកាន់ខួរក្បាល។
១១. ទឹកឃ្មុំ
ជួយផ្ដល់ថាមពល ដើម្បីអាចខួរក្បាលដំណើរការមុខងារ បានកាន់តែប្រសើរនិងមានប្រសិទ្ធភាព រយៈពេលយូរ ។ ទឹកឃ្មុំក៏មានផ្ទុកសម្បូរ ទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារកោសិកាខួរក្បាល មិនឱ្យទទួលរងការបំផ្លាញ ពីសំណាក់រ៉ាឌីកាល់សេរី។
១២. ប៉េងប៉ោះ
ជាប្រភពដ៏ប្រសើរ នៃសារធាតុ lycopene ដែលប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី ដែលបំផ្លាញកោសិកា ។ ដូច្នេះការរួមបញ្ចូលប៉េងប៉ោះ ក្នុងរបបអាហារប្រចាំថ្ងៃ នឹងជួយរក្សាសុខភាព ខួរក្បាលទប់ស្កាត់បញ្ហាផ្សេងៗ រួមទាំងជំងឺមហារីកខួរក្បាល គួរអោយកត់សម្គាល់៕
ដោយ ៖ Health