សុខភាព និង ផ្លូវភេទ

មិនពិបាកឡើយ! ចង់ធាត់ ឬកើនទម្ងន់ កុំរំលងអាហារទាំងនេះ

ខណៈដែលអ្នកខ្លះព្យាយាម ឥតឈប់ដើម្បីអាចស្រកទម្ងន់ អ្នកដទៃទៀតបែរជាពិបាកនឹងឡើងទម្ងន់ទៅវិញ។ គួរឱ្យអស់សំណើចណាស់ដែលអាហារកញ្ចប់ ឬអាហារមានផ្ទុកជាតិខ្លាញ់មិនល្អគ្មានប្រសិទ្ធិភាពចំពោះអ្នក ដែលមិនអាចកើនទម្ងន់។

ទោះជាយ៉ាងណា ការចង់កើនទម្ងន់ និងឡើងសាច់ដុំគ្មានអ្វីពិបាកសោះឡើយ! ដំណោះស្រាយ គឺសាមញ្ញមែនទែន ដោយគ្រាន់តែទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ល្អៗ និងប្រូតេអ៊ីនជាការស្រេច។ ខាងក្រោមជាអាហារដែល អ្នកគួរទទួលទានដើម្បីឡើងគីឡូ ៖

១. គ្រាប់ធញ្ញជាតិ

ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមចាំបាច់ដូចជាខ្លាញ់ល្អ ជាតិសសៃ វីតាមីន និងជាតិរ៉ែ ដែលមិនត្រឹមតែល្អសម្រាប់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យកើនទម្ងន់ផងដែរ។ ទោះជាយ៉ាងណាកុំទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។

២. ខ្លាញ់ទឹកដោះគោ

រួមមានទឹកដោះគោ និងឈីសជាប្រភពដ៏ប្រសើរនៃកាល់ស្យូម ប្រូតេអ៊ីន និងខ្លាញ់ល្អដែលរាងកាយត្រូវការដើម្បីកើនទម្ងន់ ហើយថែមទាំងពង្រឹងសុខភាពសាច់ដុំ ក៏ដូចជាឆ្អឹងផងដែរ។

៣. បឺរ

បឺរប្រៃមានផ្ទុកកាឡូរី ៣៦ កាឡូរីក្នុងបរិមាណ ៥ ក្រាម ហើយជាតិខ្លាញ់នៃបឺរប្រៃល្អសម្រាប់អ្នកចង់កើនទម្ងន់។ បឺរដ៏ប្រសើរមួយប្រភេទទៀត គឺបឺរសណ្ដែកដី! បឺរសណ្ដែកដីធម្មជាតិមានផ្ទុកជាតិខ្លាញ់សុខភាពល្អនិងប្រូតេអ៊ីនដែលជួយឱ្យអ្នកឆាប់ឡើងទម្ងន់។ ត្រឹមតែ ១ ស្លាបព្រាបាយនៃបឺរសណ្ដែកដីសុទ្ធមានផ្ទុកកាឡូរីដល់ទៅ ១០០ កាឡូរី ៤ ក្រាមនៃប្រូតេអ៊ីន សារធាតុ Folate វីតាមីន​ B3 វីតាមីន E និងម៉ាញ៉េស្យូម។

៤. សាច់មាន់និងសាច់ក្រហម

សាច់មាន់ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់ទាប។ ទោះជាយ៉ាងណាសាច់ក្រហមដូចជាសាច់គោមានផ្ទុកសម្បូរទៅដោយកាឡូរីនិងជាតិខ្លាញ់។ អាហារទាំងពីរនេះជួយបង្កើនការលូតលាស់នៃសាច់ដុំនិងជម្រុញប្រសិទ្ធភាពនៃការកើនទម្ងន់។

៥. ចេក

ចេកទំហំធំមួយផ្លែមានផ្ទុកកាឡូរី ១២០ កាឡូរី ព្រមទាំងជាប្រភពដ៏ប្រសើរនៃបូតាស្យូម និងជាតិរ៉ែដែលល្អសម្រាប់អ្នកចង់កើនទម្ងន់។ ទឹកចេកក្រឡុកក៏ជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់បង្កើនទម្ងន់ផងដែរ។

៦. ដំឡូងផ្អែម

មានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាតនិង​ប្រូតេអ៊ីនដែលនឹងជួយឱ្យអ្នកឆាប់កើនទម្ងន់។ ការទទួលទានអាហារមើមនេះក៏ល្អសម្រាប់សុខភាពបេះដូងនិងឆ្អឹងរឹងមាំគួរឱ្យកត់សម្គាល់។

៧. ស៊ុត

ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែ ខ្លាញ់ល្អ និងប្រូតេអ៊ីនដែលមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យកើនទម្ងន់ទៀតផង៕

ប្រភព៖ Health

Most Popular

To Top