ការសិក្សាថ្មីមួយបានបង្ហាញឱ្យដឹងថា ពួកបុរសៗដែលមិនអាច បង្កកំណើតបានអាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺផ្សេងៗទៀត ជាអាទិគឺជំងឺទឹកនោមផ្អែម ជំងឺបេះដូង ហើយនិងញៀនសារធាតុញៀនជាដើម។
ពួកអ្នកសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យ Stanford University Medical School នៅ Palo Alto, California បានស្រង់យកតួលេខរបស់បុរសៗប្រមាណជា១០០,០០០នាក់ ចេញពីទិន្នន័យនៃការទាមទារការធានារ៉ាប់រងនៅក្នុងចន្លោះឆ្នាំ២០០១និង២០០៩។ បុរសៗទាំងអស់នោះមានអាយុមធ្យម៣៣ឆ្នាំ។ គេបានរកឃើញថា ពួកបុរសៗដែលមិនអាចបង្កកំណើតបានអាចនឹងកើតជំងឺបេះដូង៤៨%និងជំងឺទឹកនោមផ្អែម៣០% ច្រើនជាងបុរសធម្មតា។ ពួកនោះក៏មានអត្រាប្រើប្រាស់សុរានិងសារធាតុញៀនខ្ពស់ ផងដែរ។ ចំពោះអ្នកដែលគេរកឃើញថាមិនអាចបង្កកំណើតបានខ្លាំងជាងគេ ពួកនោះអាចនឹងមានបញ្ហាតម្រងនោម ថែមទៀត។
លោកវេជ្ជបណ្ឌិត Dr. Michael Eisenberg នាយកខាងផ្នែក male reproductive medicine and surgery របស់ Stanford University Medical School ដែលជាអ្នកដឹកនាំធ្វើការសិក្សា បាននិយាយថា«អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា បុរសៗទាំងអស់នោះនៅក្មេង និងមើលទៅឃើញមានសុខភាពល្អទេ។ របកគំហើញនៃការសិក្សានេះបានប្រាប់ឱ្យដឹងថា ការដែលមិនអាចបង្កកំណើតបាន អាចជាផ្លូវបង្ហាញអំពីការកើត ជំងឺផ្សេងៗទៀតនៅពេលក្រោយ» ។
ការសិក្សានេះមិនបានស្រាវជ្រាវ រកទំនាក់ទំនងផ្ទាល់រវាងការ មិនអាចបង្កកំណើតបាន ជាមួយនឹងជំងឺស្រួចស្រាវទាំងនោះទេ ក៏ប៉ុន្តែបានបកស្រាយថា ហេតុការណ៍នេះអាចបណ្តាលមកពីកត្តាអ័រម៉ូននិងកត្តាបរិស្ថាន៖ ម្យ៉ាងគឺកម្រិតទាបនៃតេស្តូស្តេរ៉ូន អាចធ្វើឱ្យមានហានិភ័យកើតជំងឺខ្ពស់ និងម្យ៉ាងទៀតគឺបរិស្ថានមានគ្រោះថ្នាក់ នៅក្នុងពេលអំប្រ៊ីយ៉ុងលូតលាស់ អាចធ្វើឱ្យមានបញ្ហាក្នុងការបន្តពូជនិងសុខភាព ជាទូទៅនៅពេលក្រោយ។
លោកស្រីវេជ្ជបណ្ឌិត Dr. Christine Mullin នាយកផ្នែកin vitro fertilization នៃមជ្ឈមណ្ឌល Center for Human Reproduction នៅ North Shore-LIJ Health System in Manhasset, N.Y. ដែលមិនបានចូលរួម នៅក្នុងការស្រាវជ្រាវនេះទេ បាននិយាយថា បើទោះបីជាគេមិនបានដឹងច្បាស់ថា ការមិនអាចបង្កកំណើត បាននិងជំងឺបេះដូងឬទឹកនោមផ្អែម ណាមួយមានមុនណាមួយកើតក្រោយ ក៏ប៉ុន្តែការមិនអាចបង្កកំណើតបាន អាចជាសញ្ញាដាស់តឿនមួយ ថាបុរសនោះអាចនឹង មានសុខភាពអន់ខ្សោយ ដែលគ្រូពេទ្យត្រូវតែចាប់អារម្មណ៍ហើយ។
គេបានចុះផ្សាយលទ្ធផលនៃ ការសិក្សានេះនៅក្នុងព្រឹត្តិប័ត្រ Fertility and Sterility លេខថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥នេះ ៕
ប្រភព៖ Health