ការទទួលទានប្រូតេអ៊ីន បានគ្រប់គ្រាន់ជាប្រចាំ គឺសំខាន់ណាស់ សម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរ ប៉ុន្តែក៏មិនគួរទទួលទានលើសពេកដែរ ចៀសវាងបង្កជាបញ្ហា។
ភាគច្រើននៃពួកយើង ប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា ពេលខ្លះខ្លួនឯង ទទួលទានប្រូតេអ៊ីនច្រើនជ្រុល! ថាតើរាងកាយ នឹងបង្ហាញអាការៈអ្វីខ្លះ នៅពេលអ្នកទទួលទានប្រូតេអ៊ីន លើសកម្រិត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈ ដែលនឹងលេចឡើង ប្រសិនបើលើសជាតិប្រូតេអ៊ីន ៖
១. កើនទម្ងន់
ទោះបីជារបបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់ អាចជួយកម្ចាត់ទម្ងន់ដែលលើស ប៉ុន្តែប្រូតេអ៊ីនច្រើនពេក រាងកាយនឹងបំលែងទៅជាជាតិខ្លាញ់។ ម្យ៉ាងវិញទៀត ផលិតផលអាហារជាច្រើន ដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ ក៏មានផ្ទុកសម្បូរទៅដោយជាតិស្ករ និងសូដ្យូមផងដែរ។ ដូច្នេះហើយការរួមបញ្ចូល ឬទទួលទានច្រើនពេក អាចនាំឱ្យកើនទម្ងន់ច្រើនជាងស្រក។
២. ខូចតម្រងនោម
នៅពេលតម្រងនោម ព្យាយាមជម្រះកាកសំណល់ប្រូតេអ៊ីន ដែលលើសច្រើនពេក នាំឱ្យប្រព័ន្ធច្រោះខាងក្នុង ត្រូវទទួលរងផលប៉ះពាល់។ ជាលទ្ធផលតម្រងនោម មិនអាចដំណើរការមុខងារបានត្រឹមត្រូវ ក្នុងការកម្ចាត់ជាតិពុលពីក្នុងលំហូរឈាម និងគ្រប់គ្រងតុល្យភាព នៃសារធាតុរាវក្នុងរាងកាយ។ តម្រងនោមគ្មានសុខភាពល្អ អាចបង្កគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ។
៣. ជំងឺសសៃឈាមបេះដូង
មួយក្នុងចំណោមបញ្ហាធ្ងន់ធ្ងរ គួរឱ្យព្រួយបារម្ភបំផុត នៃរបបអាហារសម្រកទម្ងន់ដដែល មានផ្ទុកប្រូតេអ៊ីនខ្ពស់ គឺបុគ្គលភាគច្រើន ទទួលទានផលិតផលអាហារ ដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត និងកូឡេស្តេរ៉ូលមិនល្អ។ ជាលទ្ធផលអាហារប្រភេទនេះ អាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភ លើសុខភាពសសៃឈាមបេះដូង ដោយបង្កើនសម្ពាធឈាម និងបង្កបញ្ហាស្ទះសសៃឈាម។
៤. ស្រេកទឹកខ្លាំង
បញ្ហាជាមួយការទទួលទានរបបអាហារ ដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ច្រើនពេក នឹងធ្វើអោយតម្រងនោមត្រូវធ្វើធ្ងន់លើសធម្មតា ដើម្បីបញ្ចេញប្រូតេអ៊ីនពីរាងកាយ។ នេះហើយជាមូលហេតុ ដែលអ្នកអាចនឹងនោមញឹក ខុសធម្មតាពេញមួយថ្ងៃ បង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមិនត្រឹមតែប្រូតេអ៊ីនប៉ុណ្ណោះទេ ដែលត្រូវបញ្ចេញចោលតាមទឹកនោម ប៉ុន្តែរួមទាំងជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងសូដ្យូមផងដែរ។
៥. អារម្មណ៍មិនល្អ
ធ្លាប់សម្គាល់មើលខ្លួនឯងទេថា អ្នកហាក់ដូចជាងាយនឹងមានអារម្មណ៍មិនល្អ សឹងតែគ្រប់ពេល? បញ្ហានេះក៏អាចបណ្ដាល មកពីការទទួលទានប្រូតេអ៊ីន ច្រើនលើសផងដែរ។ នោះក៏ព្រោះតែនៅពេលអ្នក ទទួលទានអាហារ សម្បូរទៅដោយប្រូតេអ៊ីន អ្នកប្រហែលជាទទួលទាន កាបូអ៊ីដ្រាតតិចជាងមុន ហើយខួរក្បាល នឹងមិនទទួលបានជាតិស្ករគ្រប់គ្រាន់ ដើម្បីផលិតអ័រម៉ូនអារម្មណ៍ល្អសេរ៉ូតូនីន។
៦. ទល់លាមក
អាការៈទូទៅបំផុតមួយទៀត នៃការទទួលទានប្រូតេអ៊ីនច្រើនហួស គឺទល់លាមក។ នេះក៏ព្រោះតែប្រូតេអ៊ីនលើសកម្រិត ជះឥទ្ធិពលគួរឱ្យកត់សម្គាល់ លើចលនានៃពោះវៀន។
៧. ខឹង ហើយឃ្លាន
ប្រសិនបើអ្នកមានអារម្មណ៍ខឹងផងឃ្លានផង ក្នុងពេលតែមួយនៅរយៈពេលប៉ុន្មានម៉ោងក្រោយ ទទួលទានអាហាររួចនោះ វាអាចបណ្ដាលមកពីអ្នក បានទទួលទានប្រូតេអ៊ីនច្រើនពេកហើយ។ នៅពេលអ្នកទទួលទាន អាហារសម្បូរទៅដោយប្រូតេអ៊ីន អ្នកប្រហែលជា ទទួលទានកាបូអ៊ីដ្រាតតិចជាងមុន ខណៈនេះជាតិស្ករក្នុងឈាម នឹងធ្លាក់ចុះទាបបណ្ដាលឱ្យឃ្លាន ហើយអារម្មណ៍ ក៏មិនប្រសើរផងដែរ៕ ប្រភព៖ health