អង់គ្លេស៖ អ្នកវិទ្យាសាស្ត្របានអះអាងថា ការវាស់សម្ពាធឈាម គួរតែត្រូវបានយកចេញពីដៃទាំងសង្ខាង ព្រោះការប្រែប្រួលធំមួយ រវាងការសកម្មភាពទាំង២ ត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់ នៃការគាំងបេះដូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកជំនាញចក្រភពអង់គ្លេស បានរកឃើញភ័ស្តុតាងរឹងមាំថា ភាពខុសគ្នានៃសម្ពាធឈាម រវាងដៃទាំង២ ត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់ នៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងការស្លាប់។ ការរកឃើញរបស់ពួកគេ ផ្អែកលើទិន្នន័យ បានមកពីការស្រាវជ្រាវសកល ចំនួន២៤ លើមនុស្សជិត ៥៤.០០០ នាក់ដែលលាតសន្ធឹងនៅអឺរ៉ុប សហរដ្ឋអាមេរិក អាហ្វ្រិក និងអាស៊ី។
អ្នកជំនាញអះអាងថា ការណែនាំអំពីសម្ពាធឈាមអន្តរជាតិ ណែនាំឲ្យអ្នកជំនាញសុខាភិបាល វាស់សម្ពាធឈាមទាំងសង្ខាង នៅពេលវាយតម្លៃហានិភ័យ នៃសរសៃឈាមបេះដូង ប៉ុន្តែនេះត្រូវបានគេព្រងើយកន្តើយជាទូទៅ។
ពួកគេបាននិយាយថា គោលការណ៍ណែនាំបច្ចុប្បន្ន របស់ចក្រភពអង់គ្លេស និងអឺរ៉ុបស្តីពីអ្វី ដែលបង្កើតជាហានិភ័យ ទាក់ទងនឹងភាពខុសគ្នា នៃសម្ពាធឈាមរវាងដៃ ត្រូវបានគេស្គាល់ថា ជាសម្ពាធឈាមទ្វេភាគី គួរតែត្រូវបានបន្ទាបពី ១៥ ទៅ ១០ មីលីម៉ែតបារត៕ ដោយ៖លី ភីលីព