អាមេរិក៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ប្រសិនបើយើងត្រូវឡើងទម្ងន់ វាជាការល្អបំផុត ក្នុងការចាប់ផ្តើមពេញវ័យ នៅពេលមានទម្ងន់ធម្មតា និងបន្ថែមគីឡូបន្តិចម្តងៗ ពីព្រោះការឡើងទម្ងន់ អាចជួយអ្នកឲ្យរស់នៅបានយូរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Ohio State បានពិនិត្យទៅលើទិន្នន័យ នៃមនុស្ស២ជំនាន់ពីទីក្រុងFramingham ដែលជាទីក្រុងមួយនៅរដ្ឋ Massachusetts ចាប់ពីអាយុ ៣១ ឆ្នាំដល់ ៨០ ឆ្នាំ។ ពួកគេបានរកឃើញថា មនុស្សចាប់ផ្តើមពេញវ័យ នៅពេលមានទម្ងន់ធម្មតា ហើយក្រោយមកទៀតពួកគេឡើងទម្ងន់ ប៉ុន្តែមិនដែលធាត់ពេក មានទំនោរទៅរស់នៅបានយូរបំផុត។

គួរឲ្យភ្ញាក់ផ្អើលណាស់មនុស្សពេញវ័យ ដែលសមនឹងនិយមន័យនេះ មានអាយុវែងជាងមនុស្សពេញវ័យ មានទម្ងន់ស្ថិតក្នុងកម្រិតធម្មតា ពេញមួយជីវិតរបស់ពួកគេ។ ផ្ទុយទៅវិញមិនគួរឲ្យភ្ញាក់ផ្អើលទេ អ្នកដែលចាប់ផ្តើមពេញវ័យនៅពេលធាត់ និងបន្តទម្ងន់មានអត្រាស្លាប់ខ្ពស់បំផុត។

ការស្រាវជ្រាវបានរកឃើញថា អ្វីដែលគួរឲ្យបារម្ភនោះ គឺក្មេងជំនាន់ក្រោយកាន់តែធាត់ឆាប់ ក្នុងជីវិតជាងឪពុកម្តាយ ហើយងាយនឹងស្លាប់ ដោយសារការធាត់លើសទម្ងន់។ ខណៈអ្នកស្រាវជ្រាវ មិនបានណែនាំ ឲ្យមនុស្សពេញវ័យលើសទម្ងន់ ត្រូវបានគេកំណត់ជាផ្លូវការថា មានសន្ទស្សន៍ម៉ាសរាងកាយធំជាង ឬស្មើ ២៥ ពួកគេបានបង្ហាញថា ប្រសិនបើយើងត្រូវបន្ថែមផោន សូមធ្វើវានៅពេលក្រោយ៕ ដោយ៖លី ភីលីព

