សុខភាព និង ផ្លូវភេទ

ការ​រីក​ធំ​របស់​ ក្រពេញប្រូ​ស្តាត ផ្តល់​ផលវិបាក​អ្វីខ្លះ បើ​មិន​បាន​ព្យាបាល​?

​ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត គឺ​ជា​ជំងឺ​មួយ ដែល​កើតមាន​ជា​ញឹកញាប់​បំផុត លើ​បុរស​វ័យ​ចំណាស់​។ ជំងឺ​ប្រភេទ​នេះ តែងតែ​ធ្វើឲ្យប៉ះពាល់ ដល់​ការ​នោម​របស់​អ្នកជំងឺ​តែម្តង​។ បើសិន​មិនបាន​ព្យាបាល​ទេ វា​នឹង​បណ្តាល​ឲ្យ​ស្ទះ​ទឹកនោម​ជិត នោម​មិនកើត មាន​បញ្ហា​ដល់​ប្លោកនោម និង​តម្រងនោម​ទៀត​។

ផលវិបាក​របស់​ជំងឺ​នេះ មានដូចជា ៖

មិន​អាច​នោម​បាន​ភ្លាមៗ​
អ្នក​ប្រហែលជា​ត្រូវការ ដាក់​សុង​ទឹកនោម​ហើយ ក្នុងករណី​ដែល​នោម​មិន​ចេញ​បែបនេះ​។ បុរស​ខ្លះ អាច​នឹង​ត្រូវ​ធ្វើ​ការវះកាត់ ដើម្បី​បំបាត់​ការ​ទល់​នោម​នេះ​ទៀត​ផង​។

ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកមូត្រ​
ការ​ដែល​មិន​អាច​នោម​បាន​អស់ ឬ​សល់​ទឹកនោម​ច្រើន​ក្នុង​ប្លោកនោម អាច​ប្រឈម​កាន់តែខ្លាំង នឹង​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកមូត្រ​។ បើសិន​ជា​ជំងឺ​នេះ ឧស្សាហ៍​កើតមាន អ្នក​ប្រហែលជា​ត្រូវការ វះកាត់​ក្រពេញប្រូ​ស្តាត​ចោល​ដែរ​។

គ្រួស​នៅ​ប្លោកនោម​
គ្រួស​ទាំងនេះ ជាទូទៅ បណ្តាលមកពី ការ​ដែល​មិន​អាច​បញ្ចេញ ទឹកនោមឲ្យ​អស់​ពី​ប្លោកនោម​។ ជំងឺ​នេះ​ក៏​អាច​បណ្តាល​ឲ្យ​ឆ្លង​រោគ រលាក​ប្លោកនោម ឈាម​ក្នុង​ទឹកនោម និង​ស្ទះ​លំហូរ​ទឹកនោម​បាន​។​

ខូច​ប្លោកនោម​
ប្លោកនោម ដែល​មិន​អាច​បញ្ចេញ ទឹកនោម​អស់​អាច​នឹង​យឺត​ខ្លួន និង​ខ្សោយ​បាន​។ កាលណា​ជំងឺ​រីក​ក្រពេញប្រូ​ស្តាត កើតឡើង​រយៈពេល​យូរ វា​នឹង​ធ្វើឲ្យ​ជញ្ជាំង​សាច់ដុំ​របស់​ប្លោកនោម មិន​អាច​កន្ត្រាក់​បាន​ល្អ​ទេ ហើយ​ក៏​កាន់តែ​ពិបាក​ប ញ្ចេ​ញទឹក​នោម​ឲ្យអស់​ដែរ​។

ខូច​តម្រងនោម​
សម្ពាធ​ក្នុង​ប្លោកនោម ដែល​កើតចេញ​ពី​ការ​ទល់​នោម អាច​នឹង​បង្ក​ឲ្យ​ខូច​តម្រងនោម​ដោយផ្ទាល់ ឬ​បង្ក​រោគ​នៅ​ប្លោកនោម រហូត​ដល់​តម្រងនោម​ថែម​ទៀត​។

បុរស​ដែល​មាន​បញ្ហា​រីក​ធំ របស់​ក្រពេញប្រូ​ស្តាត ភាគច្រើន មិន​មាន​ផលវិបាក​អស់ទាំង​នេះ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ទល់​នោម​ស្រួចស្រាវ និង​ខូច​តម្រងនោម អាច​ជា​ការ​គម្រាម​គំហែង ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។

ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត ដូចជា មិនមាន​អ្វី​ប៉ះពាល់ ដល់​ការ​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តឡើយ​៕

ប្រភព៖ Health

Most Popular

To Top